សម្តេចធិបតី៖ មានផ្លូវ មានសង្ឃឹម ពោលគឺផ្លូវបង្កើតសង្ឃឹម ផ្លូវបង្កើតឱកាស
AKP ពោធិ៍សាត់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ, នៅខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ១០ ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង គឺជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការតភ្ជាប់រវាងតំបន់ភាគពាយ័ព្យ និង តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា ដោយបានកាត់បន្ថយចម្ងាយផ្លូវ និងថ្លៃដឹកជញ្ជូន ព្រមទាំងបើកឱកាសបន្ថែមដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នាពេលនេះ ជាជោគជ័យថ្មីមួយទៀត នៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និង ពង្រឹងប្រព័ន្ធឡូជីស្ទីក របស់រាជរដ្ឋាភិបាល ឱ្យកាន់តែពេញលេញ និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «ផ្លូវ ជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សំដៅលើកកម្ពស់កម្រិតជីវភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈ ការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និង ខ្សែច្រវាក់តម្លៃ ក្នុងកម្រិតតំបន់ និងសកល ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និង ពិពិធភាព នៃសេដ្ឋកិច្ចជាតិ ។
ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងការគាំទ្រលើគម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវ ដែលជំហានទី១ នឹងអនុវត្តលើដងផ្លូវ ១ ២០០ គីឡូម៉ែត្រ ក្នុងខេត្តចំនួន១៣ និងបានណែនាំឱ្យពង្រីកទៅ ២៥ រាជធានី-ខេត្ត ដើម្បីសោភ័ណភាព និងសុវត្ថិភាព តាមដងផ្លូវ។ ដោយឡែក, ពាក់ព័ន្ធនឹងតំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) សម្ដេចធិបតីផ្ដល់គោលការណ៍ដោះស្រាយសមរម្យជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងរក្សាទីតាំងអន្ទង់អាំងនោះដាច់ខាត ជាសម្បត្តិសាធារណៈ សម្រាប់អភិវឌ្ឍអេកូទេសចរណ៍សហគមន៍។
ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងរូបិយវត្ថុ, សម្ដេចធិបតីបានគូសបញ្ជាក់អំពីការបោះពុម្ព និងដាក់ឱ្យប្រើប្រាស់នូវក្រដាសប្រាក់ ៥ម៉ឺន និង ១០ម៉ឺនរៀលថ្មី ថាធ្វើឡើងក្នុងគោលបំណងពង្រឹងសោភ័ណភាព និងសុវត្ថិភាពពីការក្លែងបន្លំក្រដាសប្រាក់ ក៏ដូចជាដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវកម្ទេចចោលតែប៉ុណ្ណោះ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការខ្វះខាត ឬអស់សាច់ប្រាក់នោះឡើយ ហើយមន្ត្រីរាជការនៅតែទទួលបានបៀវត្សរ៍ពេញលេញ និងប្រាក់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀល ព្រមទាំងមានការរៀបចំរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅ-មក ស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ទៀតផង។
ពាក់ព័ន្ធនឹងវិស័យយោធា, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ “កងទ័ពជារបស់ជាតិ និងទឹកដីជារបស់ជាតិ”។ សម្ដេចធិបតីបានបន្តថា មិនថាមកពីគណបក្សនយោបាយណា ឬមាននិន្នាការនយោបាយបែបណានោះទេ, សូមកុំបំបាក់ទឹកចិត្តកងទ័ពដែលកំពុងឈរជើងការពារជាតិឱ្យសោះ។ ចំពោះប្រជាពលរដ្ឋដែលបារម្ភពិតប្រាកដ, សម្ដេចធិបតីសូមឱ្យជួយចែករំលែកព័ត៌មានពីកន្លែងខ្វះខាតដល់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ញើសារទៅក្រុមមួយចំនួនតូច ឱ្យបញ្ឈប់យកព័ត៌មានមិនពិតមកបំភ្លៃវាយប្រហាររាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលកងទ័ពកំពុងឈរជើងការពារទឹកដីរបស់យើង។
នៅក្នុងបរិបទនៃគ្រោះទឹកជំនន់, សម្ដេចធិបតីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋបានទាន់ពេល ដោយធានាបាននូវសុវត្ថិភាព និងអាយុជីវិតមនុស្សជាអាទិភាពទី១ មុនទ្រព្យសម្បត្តិ និងធ្វើឱ្យកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយសារទឹកជំនន់ឡើយ។ លើសពីនេះ, សម្ដេចធិបតីបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តជួយអន្តរាគមន៍ដល់ជនរងគ្រោះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមលក្ខណៈផ្តល់ពូជដំណាំ ជូនប្រជាកសិករ ឯក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងធនធានទឹក និងឧតុនិយម ត្រូវជួសជុល, សម្រួល, ស្តារឡើងវិញ នូវផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្ត្រ ដែលខូច និងរងផលប៉ះពាល់។ បន្ថែមលើនេះ, សម្ដេចក៏បានណែនាំឱ្យប្រមូល និងស្តុកទឹកទុកតាមទំនប់ស្ដុកទឹក និងប្រព័ន្ធធារាសាស្ត្រ ក្នុងអំឡុងពេលទឹកជន់នេះ ដើម្បីត្រៀមបម្រើឱ្យការប្រើប្រាស់ទឹក ក្នុងបាតុភូត El Niño នាពេលខាងមុខ។
ជាកិច្ចបញ្ចប់, ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជិតឈានចូលមកដល់, សម្ដេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអាយុជីវិត និងអាចជួបជុំក្រុមគ្រួសារប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានផ្ញើសារសួរសុខទុក្ខ និងជូនពរយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងអ្នកឈរជើងនៅសមរភូមិជួរមុខ និងអ្នកនៅជួរក្រោយគ្រប់ទិសទី សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការការពារសន្តិសុខ, សុវត្ថិភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយរាជរដ្ឋាភិបាលនឹងនៅឈរជើងជាមួយកងទ័ពជានិច្ច និងនៅគ្រប់កាលៈទេសៈ៕
ដោយ៖ គង់ សិរីរ័ត្ន





