រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ករៀបចំយុទ្ធនាការ «ផ្លូវជាតិស្អាតគ្មានសំរាមប្លាស្ទិក» ដើម្បីអបអរសាទរទិវាសម្អាតពិភពលោកលើកទី៩
AKP កំពង់ធំ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦-- លោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំបើកយុទ្ធនាការសម្អាតបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» ដើម្បីចូលរួមអបអរសាទរទិវាសម្អាតពិភពលោកលើកទី៩ និងជំរុញការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃកាកសំណល់ប្លាស្ទិក ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំសាលាវិស័យ នាយបុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងកម្លាំងប្រជាការពារភូមិទូទាំងឃុំសាលាវិស័យ។ 
លោក គង់ សំអាត បានមានប្រសាសន៍ថា គោលបំណងចម្បងនៃយុទ្ធនាការថ្ងៃនេះគឺដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការកើនឡើងទំហំសំណល់ប្លាស្ទិកនៅលើភពផែនដី។ ម៉្យាងដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ ដើម្បីសម្រេចគោលដៅចីរភាព រួមចំណែកយ៉ាងសកម្មក្នុងចលនា «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)និងអភិវឌ្ឍស្រុកឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ និងសាសនា ដែលមានសោភ័ណភាពបៃតងនិងលម្អដោយដើមឈើផ្ការីកគ្រប់រដូវ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 
លោកអភិបាលស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងស្រុកប្រាសាទបល្ល័ង្កឱ្យផ្លាស់ប្តូរទម្លាប់ដោយងាកមកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក វេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវនិងចូលរួមសម្អាតអនាម័យនៅតាមលំនៅឋាន និងទីសាធារណៈ ដើម្បីបង្កើតបរិស្ថានរស់នៅស្អាត គ្មានការបំពុល និងលើកកម្ពស់សោភ័ណភាពស្រុកទាំងមូល។

លើសពីនេះ លោកអភិបាលស្រុកប្រសាទបល្ល័ង្កបានជំរុញដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមដាំដើមឈើតាមមុខផ្ទះ និងថែរក្សាដើមឈើដើម្បីបន្សល់ទុកបរិស្ថានស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។ ការស្រឡាញ់ដើមឈើ និងព្រៃឈើ គឺជាការរួមចំណែកការពារបរិស្ថាន កាត់បន្ថយគ្រោះធម្មជាតិ ដូចជាព្យុះ ទឹកជំនន់ និងការបាក់ស្រុតដីព្រមទាំងផ្តល់អនុផលព្រៃឈើសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍៕ 
ដោយ ស៊ុម វណ្ណា





