មេសហជីពរិះគន់ធ្ងន់ៗចំពោះក្រុមប្រឆាំងក្រៅប្រទេស ដែលយកការដំឡើងប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៧ធ្វើជាលេសកេងចំនេញផលប្រយោជន៍នយោបាយ
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--សហជីពធំៗនៅកម្ពុជា បានចេញមុខរិះគន់ធ្ងន់ៗចំពោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលព្យាយាមយកការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត មកធ្វើជាផលប្រយោជន៍នយោបាយដ៏ខ្មៅងងឹត និងមានចេតនាមិនចង់ឱ្យកម្មករមានការងារធ្វើ និងបង្កើនការវិនិយោគនៅកម្ពុជា។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានលើកឡើងថា ការរិះគន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសជុំវិញដំណើរការកំណត់ប្រាក់ឈ្នួលនេះ គឺជាចេតនាអាក្រក់ និងមិនចង់ឃើញកម្មករនិយោជិតមានការងារធ្វើ និងមិនចង់ឱ្យអ្នកវិនិយោគបរទេសមករកស៊ីនៅក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា៖«ខ្ញុំបានកត់សម្គាល់ឃើញថា ក្រុមប្រឆាំងក្រៅប្រទេស មិនដែលសាទរចំពោះអ្វីដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលនោះទេ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលនេះ ក៏ពួកគេនៅតែរិះគន់។ ការរិះគន់របស់ពួកគេ គឺមិនដែលផ្តោតលើផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ហើយពួកគេមិនគិតដល់ស្ថិរភាពការងារសម្រាប់បងប្អូនយើងដែរ គឺពួកគេគិតតែផលប្រយោជន៍នយោបាយរបស់ក្រុមខ្លួនប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានលើកឡើងថា ការរិះគន់លើការដំឡើងប្រាក់ឈ្នួលពីសំណាក់ក្រុមប្រឆាំងក្រៅប្រទេសនេះ គឺមិនឆ្លុះបញ្ចាំងពីបរិបទសង្គម និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនោះទេ។
លោកបញ្ជាក់ថា៖«ការពិត រឿងក្រុមប្រឆាំងរិះគន់នេះ គឺមិនមានអ្វីប្លែកទេ ព្រោះក្រុមប្រឆាំងតែងតែរិះគន់គ្រប់រឿង មិនថាតែការដំឡើងប្រាក់ឈ្នួលទេ បើទោះបីជាយើងបានពិភាក្សាយ៉ាងលម្អិតស្របតាមបរិបទសង្គម ស្ថានភាពសេដ្ឋកិច្ច និងសមត្ថភាពផលិតរបស់យើងក៏ដោយ។ កិច្ចពិភាក្សាច្រើនលើក គឺផ្អែកលើទិន្នន័យ និងផលប្រយោជន៍របស់កម្មករ ព្រមទាំងរក្សាបាននូវការងារ និងការវិនិយោគនៅកម្ពុជា»។
បើតាមលោក ដារ៉ា បានបន្ថែមថា ការរក្សាសមតុល្យរវាងប្រាក់ចំណូលរបស់កម្មករ និងសមត្ថភាពរបស់រោងចក្រ សហគ្រាស គឺជាចំណុចសំខាន់មួយក្នុងការធានាឱ្យវិស័យផលិតកម្មអាចបន្តដំណើរការ និងរក្សាការងាររបស់កម្មករនិយោជិតបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតសម្រេចយកលើតួលេខចុងក្រោយ ២១០ដុល្លារ បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកើនដល់ ២១២ដុល្លារក្នុងមួយខែ ដោយនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ក្រៅពីប្រាក់ឈ្នួលគោល កម្មករនិយោជិតក៏មានអត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភផ្សេងៗតាមលក្ខខណ្ឌដែលមានចែងផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





