ប្រជាពលរដ្ឋខណ្ឌបឹងកេងកង អរគុណអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយតាមសំណូមពររបស់ពួកគាត់បានល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ -- តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញបើកយុទ្ធនាការស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថាមានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់ និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយពីកង្វល់របស់ពួកគាតកន្លងមកបានល្អប្រសើរ។

ប្រជាពលរដ្ឋលើកឡើងបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌបឹងកេងកង ស្ថិតក្នុងវិទ្យាល័យជាស៊ីមបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ៥០០នាក់ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ។

សូមបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌទី៥ នៅកណ្តាលក្រុង ហើយសកម្មភាពនេះទទួលបានការអរគុណ និងសារទពីប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងវេទិកានេះ បានមានប្រសាសន៍ថា នៅក្នុងវេទិកាថ្ងៃនេះ ប្រជាពលរដ្ឋមិនបានលើកឡើងជាសំណើរ សំណូមពរមកអាជ្ញាធរ និងកងកម្លាំងយើងឱ្យជួយដោះស្រាយនោះទេ។ នេះបញ្ជាក់ឱ្យឃើញថា ទាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងពិតជាបានអនុវត្តការងារបម្រើប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើងហើយ។

លោក ប៊ី ប្រេម បានលើកឡើងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចោរកម្ម ចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង ការអភិវឌ្ឍមូលដ្ឋាន សុខមាលភាពប្រជាពលរដ្ឋបរិស្ថាន និងការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ៕
ដោយ៖ សួស សំរិត





