សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអភិវឌ្ឍ «បុប្ផាលាក់ខ្លួន» នៅតំបន់ភ្នំ១៥០០ ជាតំបន់ទេសចរណ៍ដើម្បីផលប្រយោជន៍សហគមន៍
AKP ពោធិ៍សាត់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីផែនការរៀបចំ និងអភិវឌ្ឍន៍តំបន់ «បុប្ផាលាក់ខ្លួន» នៅតាមបណ្តោយផ្លូវទៅកាន់អន្លង់អាំង តំបន់ភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់លើកកម្ពស់ជីវភាព និងប្រយោជន៍ផ្ទាល់របស់ប្រជាសហគមន៍នៅក្នុងមូលដ្ឋាន។

ក្នុងចំណោមផ្លូវដែលមានប្រវែងសរុប រាប់រយគីឡូម៉ែត្រ សម្ដេចធិបតីបានស្នើសុំដកស្រង់ និងរក្សាទុកផ្នែកខ្លះត្រឹមតែប្រមាណ ៤ គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីយកមកកែច្នៃ និងរៀបចំជាតំបន់ទេសចរណ៍ពិសេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ផ្លូវហ្នឹងរាប់រយគីឡូ ប៉ុន្តែសុំតែអា៤គីឡូហ្នឹង... អា៤គីឡូហ្នឹងយកមក រៀបចំឱ្យល្អ ដាំដើមឈើឡើងវិញហើយរៀបចំកន្លែងហេដ្ឋារចនាសម្ព័ន្ធទទួលទេសចរ ដើម្បីបម្រើឱ្យសហគមន៍ បម្រើឱ្យខេត្តពោធិ៍សាត់ ក្លាយទៅជាបុប្ផាលាក់ខ្លួន»។
សម្ដេចធិបតី ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធនឹងផ្តោតលើការស្តារ និងដាំដើមឈើឡើងវិញ ដើមី្បស្តារគម្របបៃតង និងរក្សាសភ័ណភាពធម្មជាតិ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ឱ្យមានរបៀបរៀបរយ និងសម្រួលដល់ការស្នាក់នៅ ឬទស្សនារបស់ភ្ញៀវទេសចរ និងប្រយោជន៍ដល់សហគមន៍ តាមរយៈការបង្កើតឱកាសការងារ និងមុខរបរក្នុងស្រុកពីវិស័យទេសចរណ៍។

ការរៀបចំតំបន់ «បុប្ផាលាក់ខ្លួន» នេះ ត្រូវបានរំពឹងថានឹងក្លាយជាសមាសភាគទេសចរណ៍ធម្មជាតិដ៏សំខាន់មួយទៀតរបស់ខេត្តពោធិ៍សាត់ ដែលជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





