កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីនៅក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយពិធីនេះមានការអញ្ជើញចូលរួមពីលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្ត មន្ត្រីពាក់ព័ន្ធនិងតំណាងអង្កការសង្គមស៊ីវិល។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត បានជម្រាបអំពីរបៀបវីរៈនៃកិច្ចប្រជុំ ដោយរួមមាន ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។ ៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ការិយាល័យប្រជាពលរដ្ឋ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ៤-ទប់ស្កាត់តាមដាន ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងទី៥- បញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងអ្នកពាក់ព័ន្ធផ្សេងៗទៀតត្រូវសហការគ្នា ត្រូវធ្វើអនាម័យឱ្យបានស្អាតតាមទីធ្លាសាធារណៈ និងទីតាំងអង្គភាពបំពេញការងារត្រូវវបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ត្រូវតាមដានឱ្យបានជាប់ជាប្រចាំអំពីស្ថានភាពកម្ពស់ទឹក ចៀសវាងមានគ្រោះទឹកជំនន់ដោយសារទឹកភ្លៀង ឬទឹកទន្លេដែលកំពុងហក់ឡើងបណ្ដើរៗ និងមានប្រជាពលរដ្ឋរងគ្រោះជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺគ្រុនឈាម ត្រូវពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវតាមដាន និងចាត់វិធានការឱ្យបានជាបន្ទាន់ក្នុងករណីឃើញថាមានទីតាំងប្រព្រឹត្តបទល្មើស Online Scams។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និង ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ដោយ៖ បៃ ស៊ីថុន





