សហគមន៍តំបន់ការពារធម្មជាតិសត្វខ្សឹប ទទួលវគ្គបណ្តុះបណ្តាល ស្តីពីជំនាញបដិសណ្ឋារកិច្ច ការណែនាំអ្នកមើលសត្វស្លាប
AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦--ដើម្បីពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋានដើម្បីការអភិវឌ្ឍទេសចរណ៍ធម្មជាតិកាន់តែមានចីរភាព និងការអភិរក្សសត្វខ្សឹបកាន់តែមានប្រសិទ្ធភាព អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញបដិសណ្ឋារកិច្ច ការណែនាំអ្នកមើលសត្វស្លាប ការសរសេររបាយការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ» ដែលរៀបចំឡើងដោយអង្គការ WCS ជូនសមាជិកសហគមន៍ចំនួន ១៣នាក់ មកពីសហគមន៍តំបន់ការពារធម្មជាតិសត្វខ្សឹប និងសហគមន៍ទេសចរណ៍ធម្មជាតិសត្វខ្សឹបទួលបល្ល័ង្គ។

ប្រភពពីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ថា វគ្គបណ្ដុះបណ្ដាលមួយដែលរៀបចំឡើងកាពីពេលថ្មីៗនេះ មានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មសហគមន៍ទេសចរណ៍ធម្មជាតិ និងពង្រឹងការគ្រប់គ្រងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ក្នុងអំឡុងពេលបណ្តុះបណ្តាលរយ:ពេល ៣ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងអំពីការធ្វើជាមគ្គុទ្ទេសក៍ទេសចរណ៍មើលសត្វស្លាប។ ពួកគាត់បានរៀនសូត្រពីរបៀបត្រៀមខ្លួន ការស្លៀកពាក់ពណ៌ស៊ីនឹងជម្រកធម្មជាតិ ការប្រើប្រាស់សម្ភារបច្ចេកទេស និងបច្ចេកទេសនាំផ្លូវដោយចង្អុលបង្ហាញទិសដៅតាមទ្រនិចនាឡិកា ដើម្បីកាត់បន្ថយការរំខានដល់សត្វព្រៃ។ លើសពីនេះ វគ្គសិក្សាបានផ្តោតលើសិល្បៈនៃការទំនាក់ទំនង និងការសម្របសម្រួលអារម្មណ៍ភ្ញៀវទេសចរ ការប្រើប្រាស់រូបមន្ត 5W+1H ក្នុងការកត់ត្រានិងសរសេររបាយការណ៍ឱ្យបានត្រឹមត្រូវ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុតាមស្តង់ដា តាមរយៈការប្រើប្រាស់ប័ណ្ណទូទាត់ និងការកត់ត្រាសៀវភៅសាច់ប្រាក់ ដើម្បីធានានូវភាពច្បាស់លាស់ និងតម្លាភាពជាចម្បង។

សិក្ខាកាមបានសម្តែងនូវក្តីរីករាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការយកចំណេះដឹងថ្មីៗទាំងនេះទៅអនុវត្តផ្ទាល់នៅក្នុងសហគមន៍របស់ខ្លួន។ ការយល់ដឹងស៊ីជម្រៅអំពីការរៀបចំខ្លួន និងការយល់ចិត្តភ្ញៀវ មិនត្រឹមតែបង្កើតបទពិសោធន៍ដ៏ល្អឥតខ្ចោះជូនអ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតប្រាក់ចំណូលគាំទ្រជីវភាពគ្រួសារ និងការពារសត្វខ្សឹបដែលកំពុងរងគ្រោះជិតផុតពូជបំផុតឱ្យបានគង់វង្សនៅលើទឹកដីតំបន់ទន្លេសាបផងដែរ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានឧបត្ថម្ភថវិកាដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈអង្គការ FAO ក្រោមគម្រោង CASFor៕
ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ WCS)





