ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅស្រុកវាលវែង
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ក្នុងបរិវេណសាលាបឋមសិក្សាប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ពិធីសម្ពោធផ្លូវជាតិលេខ១០ ដែលកំពុងប្រព្រឹត្តទៅនៅព្រឹកនេះ គឺជាការបង្ហាញពីសមិទ្ធផលថ្មីមួយបន្ថែម ដែលបានកើតចេញក្រោយពីកម្ពុជាបានបិទបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន។ ជាក់ស្តែង តាមរយៈការកសាងផ្លូវនេះ យើងបានប្រែក្លាយតំបន់ភ្នំ ជ្រោះជ្រង ជ្រលងដងអូរ ដែលជាសមរភូមិសង្រ្គាមស៊ីវិលកាលពីអតីតកាលទៅជាតំបន់មានការអភិវឌ្ឍ ដូចជា ការស្ថាបនាខ្សែផ្លូវបត់បែន រួមទាំងស្ពានដែលខ្ពស់ជាងគេផងដែរ ដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសទុកជាចំណងដៃថ្មីដ៏ពិសិដ្ឋថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសម្រាប់ប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់គីឡូម៉ែត្រលេខ ៣៥+៩០០ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រវែង ៣២,១០គីឡូម៉ែត្រ ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានប្រវែង ៩៨,៩០គីឡូម៉ែត្រ រហូតដល់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែង ៦៧,៥១៨គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានសាងសង់ឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៩៣,៨១៨គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក និងផ្លូវចាក់បេតុងសរសៃដែក មានប្រវែង ៤ ៧០០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងនៅចំណុចផ្លូវបត់បែនខ្លាំង និងផ្លូវចំណោទឡើងចុះមួយចំនួនត្រូវពង្រីករហូតដល់ ១៨ម៉ែត្រ ដែលរថយន្តសណ្តោងរ៉ឺម៉កប្រវែង ២១ម៉ែត្រ អាចទៅមកក្នុងពេលតែមួយបាន។ ដោយសារគម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដូច្នេះតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពីខ្សែខាងកើត មកខ្សែខាងលិចវិញ ត្រង់គីឡូម៉ែត្រលេខ ១១១+៨៦០ ដល់គីឡូម៉ែត្រលេខ ១៧៧+៦០០ មានប្រវែង ៦៥,៧៦គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិ ចំនួនប្រមាណ ៥៩,៣៦លានដុល្លារអាម៉េរិក៕
ដោយ៖ គង់ សិរីរ័ត្ន





