មន្ទីរព័ត៌មានខេត្តកណ្តាល ផ្សព្វផ្សាយព័ត៌មានបានជាង ១៤ម៉ឺនលើករយៈពេល ៩ខែ ឆ្នាំ២០២៦
AKP កណ្ដាល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦–វប្បធម៌នៃការចែករំលែកដោយ «អ្នកចេះច្រើនចូលរួមបង្រៀនអ្នកចេះតិច» រួមជាមួយនឹងសាមគ្គីភាពយ៉ាងរឹងមាំរបស់មន្ត្រី ត្រូវបានចាត់ទុកជាកាតាលីករដ៏សំខាន់ ដែលជួយឱ្យមន្ទីរព័ត៌មានខេត្តកណ្តាល សម្រេចបាននូវលទ្ធផលការងារយ៉ាងធំធេងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ។

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម សាន សំបូរី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងាររយៈពេល ៩ខែ និងទិសដៅអនុវត្តបន្តរបស់មន្ទីរព័ត៌មានខេត្តកណ្តាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដោយបានជំរុញបន្ថែមឱ្យមន្ទីរបន្តបញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនានាដែលក្រសួងបានបង្កើតឡើង ដើម្បីបំប៉នសមត្ថភាពជាប្រចាំ។ មន្ត្រីទាំងអស់ មិនត្រូវសម្ងំរស់នៅក្នុង Comfort zone ពេកនោះទេ គឺត្រូវខិតខំរត់ឱ្យទាន់បច្ចេកវិទ្យាថ្មីៗ ជាពិសេសការចាប់យកចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត រឺហៅថា AI ដើម្បីយកមកបម្រើការងារព័ត៌មានឱ្យកាន់តែភាពល្អ និងទាក់ទាញ។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ដែលបានបង្ហាញថា ត្រឹមរយៈពេល ៩ខែក្នុងឆ្នាំ២០២៦នេះ មន្ទីរផលិតព័ត៌មានបានចំនួន ៧ ៩៨៤ អត្ថបទនិងរូបភាព។ មិនត្រឹមតែប៉ុណ្ណោះ ការចែកចាយផ្សព្វផ្សាយតាមគ្រប់ទម្រង់ រួមទាំងទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម សម្រេចបានរហូតដល់ ១៤២ ០៩៨ លើក។ លើសពីនេះ ក្រុមការងារក៏បានផលិតវីដេអូព័ត៌មានខ្លី និងកម្មវិធីអប់រំផ្សេងៗបានចំនួន ២ ៣៨៦ វីដេអូ ព្រមទាំងផលិតបទយកការណ៍អំពីសក្តានុពលខេត្តបានចំនួន ៤១ ស្តីពីព្រឹត្តិការណ៍សំខាន់ៗ។

ក្រៅពីការផលិត យន្តការតាមដាន និងឆ្លើយតបព័ត៌មាន ក៏ត្រូវបានអនុវត្តយ៉ាងសកម្មស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតម្រូវឱ្យធ្វើការងារនេះឱ្យដូច «ភ្លៀងរលឹម» ទាន់ពេលវេលា និងត្រូវហេតុការណ៍ ដើម្បីទប់ស្កាត់ការបំភាន់ បំផ្លៃ បំផ្លើស និងព័ត៌មានក្លែងក្លាយ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





