កាកបាទក្រហមកម្ពុជា រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «ម ស្មើ ម» និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាល បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី “លើកកម្ពស់ការយល់ដឹង ខ្លឹមសារ (ម ស្មើ ម) និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជា” ជូនដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២០៥នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ។

នៅក្នុងវគ្គផ្សព្វផ្សាយនេះ សិក្ខាកាមទាំងអស់បានត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ ក៏ដូចជាដាក់ចេញនូវសំណួរ និងការឆ្លើយសំណួរយ៉ាងផុសផុលជុំវិញប្រធានបទនៃបទបង្ហាញពីសំណាក់វាគ្មិនជំនាញ ដែលបានពន្យល់យ៉ាងលម្អិតអំពីប្រធានបទសំខាន់ៗ។ ក្នុងនោះ លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញលើចំណុចគន្លឹះចំនួន ៥ រួមមាន៖

១. ប្រវត្តិ និងសារបាននៃឥស្សរជនឆ្នើមថ្នាក់ជាតិរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា (គោរមងារទទួលបានថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦) និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ (គោរមងារទទួលបានថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១)។
២. គោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ ដែលកម្ពុជាសម្រេចបានជោគជ័យមុនកាលកំណត់របស់អង្គការសហប្រជាជាតិ។
៣. បច្ចុប្បន្នភាពនៃមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជា។
៤. ខ្លឹមសារ «ម ស្មើ ម» (មិនអាចរាប់មេរោគអេដស៍បាន = មិនអាចចម្លងទៅដៃគូបាន)។
៥. ហានិភ័យនៃជំងឺមិនឆ្លងផ្សេងៗ។

អង្គពិធីទាំងមូលបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចែករំលែកបទពិសោធន៍ផ្ទាល់ពី លោកស្រី ព្រំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ CPN+ ដែលបានចែករំលែកពីបទពិសោធន៍ជោគជ័យក្នុងការប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍ (ARV) យ៉ាងទៀងទាត់ ដែលធ្វើឱ្យសុខភាពល្អ រស់នៅដូចមនុស្សធម្មតា ហើយកម្រិតមេរោគអេដស៍ក្នុងឈាមធ្លាក់ចុះដល់កម្រិត «មិនអាចធ្វើតេស្តឃើញ» ដែលជាហេតុធ្វើឱ្យលោកស្រី «មិនអាចចម្លងមេរោគអេដស៍» ទៅកាន់ស្វាមី និងកូនៗរបស់លោកស្រីឡើយ។

បទពិសោធន៍ជាក់ស្តែងនេះ គឺជាសក្សីភាព និងជាជោគជ័យយ៉ាងត្រចះត្រចង់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារប្រយោជន៍ និងប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍ ក្នុងការសម្រេចបាននូវអត្ថន័យពិតប្រាកដនៃសារ «ម ស្មើ ម» នៅកម្ពុជា៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





