ឯកឧត្តម អភិបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តគិរិជលសារកោះរ៉ុង
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ព្រឹកថ្ងៃពុធទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងភ្ញៀវបរទេស ចូលរួមពិធីរាប់បាត បាំងស្កូល ឧទ្ទិសកុសលជូនមាតាបិតា ក្នុងឱកាសពិធី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី៤ នៅវត្តគិរិជលសារ កោះរ៉ុង សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ 
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ដើម្បីសម្តែងនូវកតញ្ញូកត វេទិតាធម៌ ឧទ្ទិសកុសលជូនចំពោះមាតាបិតា ជីដូន ជីតា និងបុព្វការីជនដែល បានចែកឋានទៅ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រារព្ធទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ 
ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យ ប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះ មានសារៈ សំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថានៅទីជិត ឬទីឆ្ងាយបានធ្វើ ដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិ មិត្ត និងចូល រួមធ្វើបុណ្យតាមប្រពៃណី នៅតាមលំនៅឋាន និងវត្តអារាម។
លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែល ប្រជារាស្ត្រខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តាន ដែលបាន លាចាកលោកនេះទៅហើយ។

ទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវការកោត សរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព ការរួបរួម និងទំនាក់ ទំនងដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបង្ហាញតាមរយៈការចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិដ៏រុងរឿងនៅតាមទីវត្តអារាមនានា ជាពិសេសស្មារតីស្រឡាញ់វប្បធម៌ ការចូលរួមការពារ ថែរក្សាទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្ស ស្ថិតស្ថេរ និងបន្តរីកចម្រើនពីជំនាន់មួយទៅជំនាន់មួយ ដើម្បីទុកជាមរតកដ៏មានតម្លៃសម្រាប់ជាតិ និងកូនចៅខ្មែរគ្រប់រូប។
«ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមប្រជាពល រដ្ឋខ្មែរ បន្តចូលរួមការពារ ថែរក្សា និងលើកតម្កើងទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ជាតិ ព្រមទាំងរួមគ្នាពង្រឹងសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមឱ្យកាន់តែរឹងមាំ ព្រមទាំងចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការ រីកចម្រើនជានិច្ចនិរន្តរ៍»។
សូមរម្លឹកផងដែរថា រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំវេនកាន់បិណ្ឌ នៅតាមវត្តអារាមនានាតាមក្រុង ស្រុកទាំង៦ នៃខេត្តព្រះសីហនុ ក្នុងនោះវេនទី២ នៅវត្តអូរ តរេះ ក្រុងព្រះសីហនុ វេនទី៣ វត្តឧត្តមវិញ្ញាណរាម ក្រុងកំពង់ សោម វេនទី៤ វត្តគិរិជលសារកោះរ៉ុង ក្រុងកោះរ៉ុង ។ 
ក្នុងឪកាសនោះ ឯកឧត្តម អភិបាល ខេត្ត ក៏បានប្រ គេនសម្ភារៈ និងបច្ច័យរួមមាន អង្ករ ៣០០គីឡូក្រាម មី ទឹកសុទ្ធ កាហ្វេកំប៉ុង និងទឹកផ្លែឈើ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ប្រេងឆា បច្ច័យប្រគេនវត្ត ១១ ៣៧០ ០០០លានរៀល និង ៦៥០ដុល្លា និងជូនយាយជី តាជីក្រណាត់សរ ១ដុំ និងថវិកា ២ម៉ឺនរៀល ៕
ដោយ៖ ងូ សុមុនី





