ទូតកម្ពុជាប្រចាំកូរ៉េស្នើសុំសាលា ក្រុងផ្យង់ថេកពិនិត្យលទ្ធភាពក្នុងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាកម្ពុជា-កូរ៉េ ដើម្បីលើក កម្ពស់ទំនាក់ទំនងវប្បធម៌កម្ពុជា-កូរ៉េ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានស្នើសុំសាលាក្រុងផ្យង់ថេកពិនិត្យលទ្ធភាពក្នុងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាកម្ពុជា-កូរ៉េ ដើម្បីលើក កម្ពស់ទំនាក់ទំនងវប្បធម៌កម្ពុជា- កូរ៉េ។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦បានអ ញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ និងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងទីក្រុងភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនលោកអភិបាលក្រុងថា បងប្អូនសហគមន៍ខ្មែរមួយចំនួន បានបំរើការងារនៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំ ពួកគេបានរៀនសូត្រពីជំនាញ បច្ចេកទេសការងារ ហើយក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកូរ៉េ ផងដែរ។ ឯកឧត្តមសង្ឃឹមថា លោកអភិបាលក្រុងនឹងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់អាចអភិវឌ្ឍខ្លួន និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើលោកអភិបាលក្រុង ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេកទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា។
ឯកឧត្តម ក៏បានស្នើសុំសាលាក្រុងពិនិត្យលទ្ធភាពក្នុងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាកម្ពុជា-កូរ៉េ ដើម្បីលើក កម្ពស់ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងផ្យង់ថេក និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់ផ្យង់ថេក ផងដែរ៕

ដោយ៖ ប៊ុនរិទ្ធ





