ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ទោះបីស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួន និងធ្វើឱ្យការធ្វើដំណើររបស់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងប្រជា ពលរដ្ឋមានការលំបាកយ៉ាងណាក្តី ក៏មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅតែបន្តប្រឹងប្រែងសម្របសម្រួល និងដោះស្រាយបញ្ហាជាក់ស្តែងជាប្រចាំ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាឱ្យសេវាពិនិត្យ និងព្យាបាលជំងឺនៅតែបន្តទៅដល់ប្រជាពលរដ្ឋតាមតម្រូវការ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធា នមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តសម្របសម្រួល និងដោះ ស្រាយបញ្ហាជាក់ស្តែង ដើម្បីបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត និងសហការី បន្តបេសកកម្មចុះមូលដ្ឋានកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពមូលដ្ឋានសុខាភិបាលដែលរងផលប៉ះពាល់ដោយទឹកជំនន់ ព្រមទាំងរៀបចំវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងប្រជាពលរដ្ឋដែលមកទទួលសេវា។
ក្នុងការចុះពិនិត្យជាក់ស្តែង ការយកចិត្តទុកដាក់ជាចម្បង គឺការការពារ និងរៀបចំទុកដាក់ឱសថ បរិក្ខារ សម្ភារៈវេជ្ជសាស្ត្រ និងឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ព្រមទាំងវាយតម្លៃលទ្ធភាពបន្តផ្តល់សេវាសុខាភិបាល ក្នុងស្ថានភាពដែលមានការប្រែប្រួលដោយសារទឹកជំនន់។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថា ចំពោះមូលដ្ឋានសុខាភិបាលដែលការធ្វើដំណើរត្រូវបានរាំងស្ទះ ដោយសារទឹកហូរកាត់ផ្តាច់ផ្លូវ ឬលិចផ្លូវជាអន្លើ បុគ្គលិកសុខាភិបាលនៅតែខិតខំស្វែងរកមធ្យោបាយសមស្រប ដើម្បីធ្វើដំណើរទៅកាន់កន្លែងបំពេញការងារ ខណៈអ្នកជំងឺ និងប្រជាពលរដ្ឋដែលត្រូវការសេវា ក៏បានធ្វើដំណើរតាមកាណូត ដើម្បីមកទទួលសេវាសុខាភិបាលតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ក្នុងស្ថានភាពអាសន្ននេះ ការរៀបចំទីតាំងផ្តល់សេវាសុខាភិបាលបណ្តោះ អាសន្ន ការរៀបចំបុគ្គលិកឱ្យមានវត្តមានគ្រប់គ្រាន់ ការធានាប្រព័ន្ធបញ្ជូនអ្នកជំងឺ ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ ព្រមទាំងការធានាសុវត្ថិភាពរបស់អ្នកជំងឺ និងបុគ្គលិក គឺជាអាទិភាពដែលត្រូវបានយកចិត្តទុកដាក់ជាប្រចាំ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា ការឆ្លើយតបចំពោះស្ថានភាពទឹកជំនន់ មិនមែនជាកិច្ចការរបស់វិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលការធ្វើដំណើរ ការចម្លងបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ ព្រមទាំងការស្តារ និងជួសជុលផ្លូវដែលរងផលប៉ះពាល់។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងសហការី ដែលបានយកចិត្តទុកដាក់ និងសហការដោះស្រាយបញ្ហាជាក់ស្តែងនៅមូលដ្ឋាន ជាពិសេសការចាត់ចែងគ្រឿងចក្រ និងកម្លាំងពាក់ព័ន្ធ ដើម្បីកាយ កិនបង្ហាប់ដី លាយថ្ម និងលើកកម្ពស់ផ្លូវ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការចូលទៅកាន់មូលដ្ឋានសុខាភិបាល។
លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសម្របសម្រួល និងជួយសម្រួលការធ្វើដំណើរ និងការចម្លងបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីអាចមកទទួលសេវាសុខាភិបាលបានតាមតម្រូវការ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា អ្វីដែលបានឃើញតាមរយៈបេសកកម្មចុះមូលដ្ឋាន មិនមែនមានត្រឹមតែស្ថានភាពទឹកជំនន់ដែលលិចផ្លូវជាអន្លើ និងប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួនតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យឃើញពីកិច្ចសហការរួមគ្នារបស់គ្រប់ភាគី ក្នុងការរក្សាឱ្យសេវាសុខាភិបាលនៅតែបន្តទៅដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពលំបាក និងប្រឈមនឹងឧបសគ្គយ៉ាងណាក៏ដោយ។
លោកបានគូសបញ្ជាក់ថា «រួមគ្នា ដើម្បីបន្តសេវាសុខាភិបាល និងធានាសុវត្ថិភាពប្រជាពលរដ្ឋ ក្នុងគ្រារងគ្រោះដោយទឹកជំនន់» ដោយសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរួមរបស់គ្រប់ភាគី៕
ដោយ ៖ឈុនសារ៉ាត




