រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពរឹងមាំរបស់គ្រឹះស្ថានថែទាំ និងព្យាបាលនៅមូលដ្ឋាន គឺជាបង្អែកសុខាភិបាលយ៉ាងពិតប្រាកដ ក្នុងបេសកកម្មបម្រើសុខភាព សុខុមាលភាពប្រជាពលរដ្ឋ»
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--ភាពរឹងមាំរបស់គ្រឹះស្ថានថែទាំ និងព្យាបាលនៅមូលដ្ឋាន គឺជាបង្អែកសុខាភិបាលយ៉ាងពិតប្រាកដ ក្នុងបេសកកម្មបម្រើសុខភាព សុខុមាលភាពប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ (Zoom) សរុបចំនួន ៣០០៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនអង្គជួបជុំអំពីដំណើរការ និងលទ្ធផលនៃការសាកសួររបស់ស្ថាប័នព្រឹទ្ធសភា លើសមិទ្ធិផលរបស់វិស័យសុខាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ។ នៅក្នុងជំនួបនោះ ការខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានថែទាំ និងព្យាបាល ជាពិសេសមណ្ឌលសុខភាព និងមន្ទីរពេទ្យជាតិ ត្រូវបានទទួលការកោតសរសើរពីស្ថាប័ននិតិប្បញ្ញត្តិ ដែលនេះជាកិត្តយសដ៏ធំធេង របស់មន្រ្តីសុខាភិបាលទាំងអស់។ បន្ថែមពីលើនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើឱ្យមន្រ្តីសុខាភិបាល បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកបាឋកថាលើការគ្រប់គ្រងភាពមិនប្រាកដប្រជា មកបកស្រាយបន្ត ដោយបានលើកយកឧទាហរណ៍ជាក់ស្តែងមួយនៃការអភិវឌ្ឍន៍មន្ទីរពេទ្យកាល់ម៉ែត និងបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ ក្នុងវិស័យសុខាភិបាលគ្រប់រូបមានភាពក្លាហាន ក្នុងការប្រឈមនឹងភាពមិនប្រាកដប្រជា ដើម្បីឈានទៅសម្រេចបានគោលដៅ ដែលមើលទៅឃើញហាក់ដូចជាលើសពីសមត្ថភាព។
ក្នុងឱកាសនោះ មណ្ឌលសុខភាពកោះកេរ្ត៍នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ បានបង្ហាញពីការវិវត្តរីកចម្រើនរបស់មណ្ឌលសុខភាព និងបានរំលេចនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា ការរៀបចំសេវាបញ្ចូនប្រជាជន ពីភូមិដាច់ស្រយ៉ាលមកមណ្ឌលសុខភាពត្រូវការសេវាបន្ទាន់ ការជួយលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តសុខភាពភូមិ និងការបំផុសគំនិតសហគមន៍ ឱ្យចូលរួមធ្វើជាម្ចាស់លើមណ្ឌលសុខភាព៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)




