អង្គការ FAO៖ ការការពារសហគមន៍ពី ជំងឺឆ្កែឆ្កួត តាមរយៈវិធីសាស្ត្រ «សុខភាពតែមួយ»
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦–នៅឆ្នាំ២០២៦នេះ អង្គការ FAO ប្រចាំកម្ពុជា ដោយសហការជាមួយនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CCDC) នៃក្រសួងសុខាភិបាល និងអង្គការ Worldwide Veterinary Service (WVS) បានរៀបចំសកម្មភាពនានាដើម្បីអបអរសាទរទិវាពិភពលោកប្រឆាំងនឹងជំងឺឆ្កែឆ្កួត នៅស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦។

ជារៀងរាល់ឆ្នាំ ទិវាជំងឺឆ្កែឆ្កួតពិភពលោក (World Rabies Day) នៅថ្ងៃទី ២៨ ខែកញ្ញា ត្រូវបានប្រារព្ធឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការការពារជំងឺឆ្កែឆ្កួត និងរំលឹកដល់ស្នាដៃរបស់លោកវេជ្ជបណ្ឌិត Louis Pasteur ដែលការងារត្រួសត្រាយផ្លូវរបស់គាត់បាននាំឱ្យមានការបង្កើតវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដំបូងគេ និងបន្តជួយសង្គ្រោះជីវិតមនុស្សរហូតមកដល់សព្វថ្ងៃ។

ចាប់តាំងពីឆ្នាំ ២០១៧ មក អង្គការ FAO ប្រចាំកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងក្របខ័ណ្ឌ «សុខភាពតែមួយ» (One Health) បានគាំទ្រសកម្មភាពនានាសម្រាប់ទិវាជំងឺឆ្កែឆ្កួតពិភពលោក តាមរយៈយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងដែលមានគោលដៅច្បាស់លាស់ ការអប់រំនៅក្នុងសាលារៀន ការចូលរួមពីសហគមន៍ និងការកសាងសមត្ថភាពជូនដល់បុគ្គលិកសុខភាពសត្វភូមិ រួមទាំងការបណ្តុះបណ្តាលស្តីពីការការពារជំងឺឆ្កែឆ្កួត និងជំងឺផ្តាសាយបក្សីផងដែរ។ តាមរយៈការគាំទ្រពីមូលនិធិ Pandemic Fund និងអង្គការ WVS កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅសកលនៃការលុបបំបាត់ការស្លាប់របស់មនុស្សដែលបណ្តាលមកពីជំងឺឆ្កែឆ្កួតដែលចម្លងដោយសត្វឆ្កែ នៅត្រឹមឆ្នាំ ២០៣០។ ការរួមបញ្ចូលសុខភាពសត្វ សុខភាពសាធារណៈ និងសហគមន៍ឱ្យមកធ្វើការរួមគ្នាក្រោមវិធីសាស្ត្រ «សុខភាពតែមួយ» (One Health) អង្គការ FAO ប្រចាំកម្ពុជាបន្តគាំទ្រដល់សហគមន៍នានាទូទាំងប្រទេសឱ្យមានសុវត្ថិភាព និងសុខភាពល្អប្រសើរជាងមុន ។

ពិធីនេះមានអ្នកចូលរួមចំនួន ១២៣ នាក់ ក្នុងនោះមានស្ត្រី ៧៦ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលបានរួមបញ្ចូលគ្នានូវការផ្សព្វផ្សាយចំណេះដឹងដល់សហគមន៍ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំសម្រាប់សត្វឆ្កែ។ អ្នកចូលរួមទទួលបានព័ត៌មានជាក់ស្តែងស្តីពីការការពារជំងឺឆ្កែឆ្កួត និងការចិញ្ចឹមឆ្កែប្រកបដោយការទទួលខុសត្រូវ រួមទាំងវិធានការដែលត្រូវអនុវត្តភ្លាមៗនៅពេលត្រូវឆ្កែខាំ និងសារៈសំខាន់នៃការស្វែងរកការព្យាបាលទាន់ពេលវេលា ៕
ដោយ៖ ណយ នឿន (ប្រភព៖FAO)




