រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក«ង» ការតាំងពិព័រណ៍ និងអុចកាំជ្រួច នៅថ្ងៃចេញព្រះវស្សា
AKP កំពង់ចាម ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ចាមនឹងរៀបចំពិធីប្រណាំងទូក«ង»ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប និងតាំងពិព័រណ៍សមិទ្ធផល ក្នុងស្រុក ព្រមទាំងមានការអុចកាំជ្រួចផងដែរនៅថ្ងៃចេញព្រះវស្សានាពេលខាងមុខនេះ នៅក្រុងកំពង់ចាម។នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមក្នុងកិច្ចដឹកនាំប្រជុំគណៈកម្មការរៀបចំរៀបចំបុណ្យជាតិរបស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំ ដល់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការការងារឱ្យបានច្បាស់លាស់ដើម្បីដំណើរការទៅដោយរលូន ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសលើកិច្ចការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកចូលរួមទស្សនា កម្សាន្ត។ 
តាមការឲ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា ថា ព្រឹត្តិការណ៍ ប្រណាំងទូក«ង»នេះនឹងត្រូវរៀបចំឡើងក្នុងរយៈពេលតែ ១ ថ្ងៃប៉ុណ្ណោះ ដោយមានទូក «ង» និងទូកខ្នាតអន្តរជាតិចូលរួមប្រណាំងសរុបចំនួន ៨៨ ទូក (ស្មើនឹង ៤៤ គូ)៕

ដោយ ឆាយ ម៉ុត





