ឯកឧត្តមឌិត ទីណាអញ្ជើញ ចុះពិនិត្យសំណង់ទ្វារទឹកនៅសង្កាត់និមិត្ត ដើម្បីពង្រឹងការគ្រប់គ្រងលំហូរទឹក និងបង្ការផលប៉ះពាល់ពីជំនន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦– ក្នុងស្ថានភាពដែលក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងលំហូរទឹកពីតំបន់ខាងលើ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវសំណង់ទ្វារទឹក ស្ថិតក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីតាមដានស្ថានភាពទឹក និងពិនិត្យលទ្ធភាពគ្រប់គ្រងលំហូរទឹកឱ្យបានសមស្រប។

ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ខាត់ ធា ចៅសង្កាត់និមិត្ត និងក្រុមការងារសង្កាត់ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងសំណង់ទ្វារទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលំហូរទឹកដែលពាក់ព័ន្ធ។
ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា បានយកចិត្តទុកដាក់ពិនិត្យទៅលើស្ថានភាពទឹក កម្រិតលំហូរ និងសមត្ថភាពរបស់សំណង់ទ្វារទឹកក្នុងការគ្រប់គ្រង និងបញ្ជូនទឹក ដោយផ្តោតជាសំខាន់លើការធានាសុវត្ថិភាពប្រជាពលរដ្ឋ និងការកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីស្ថានភាពទឹកជំនន់។
ឯកឧត្តមបានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ក្នុងករណីមានការកើនឡើងនៃកម្រិតទឹក ឬមានស្ថានភាពប្រឈមដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងប្រព័ន្ធទឹកឱ្យមានប្រសិទ្ធភាព ដោយត្រូវផ្អែកលើស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងត្រូវធានាថា ការបញ្ជូន ឬបង្ហូរទឹកត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងការបង្កើនហានិភ័យដល់តំបន់ដែលស្ថិតនៅខាងក្រោម។
ការចុះពិនិត្យដោយផ្ទាល់នេះ ក៏បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងការតាមដានស្ថានភាពគ្រោះមហន្តរាយនៅមូលដ្ឋាន និងស្វែងរកដំណោះស្រាយជាក់ស្តែង ស្របតាមស្ថានភាពជាក់ស្តែង ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាតដែលអាចកើតឡើងពីជំនន់។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធ ត្រូវបន្តត្រៀមលក្ខណៈជាប្រចាំ ដើម្បីឆ្លើយតបបានរហ័ស ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល ជាពិសេសការត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយចាំបាច់ សម្រាប់ការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពក្នុងករណីចាំបាច់។

ការចុះពិនិត្យសំណង់ទ្វារទឹកនៅសង្កាត់និមិត្ត នាពេលនេះ ដូច្នេះ មិនត្រឹមតែជាការតាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាវិធានការជាក់ស្តែងមួយក្នុងការពង្រឹងការគ្រប់គ្រងលំហូរទឹក និងការឆ្លើយតបចំពោះហានិភ័យជំនន់ ដោយដាក់សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង៕
ដោយ៖ ឈុន សារ៉ាត





