ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦-- នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦។
អញ្ជើញចូលរួមដោយផ្ទាល់មាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវជាទីប្រឹក្សាក្រសួង ព្រមទាំងមន្រ្ដីរាជការក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។

ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ និងទិសដៅការងារបន្ដ តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង រួមមាន៖ កម្មវិធីទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់, កម្មវិធីទី២. ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ, កម្មវិធីទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ, កម្មវិធីទី៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងកម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដែលជាលទ្ធផលរយៈពេល ៩ ខែ ក្រសួងសម្រេចបានវឌ្ឍនភាពជារួម ៨០% នៃផែនការ។

លោក ផេង ស៊ីណិត ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ បានធ្វើបទបង្ហាញស្ដីពីការប្រៀបធៀបវឌ្ឍនភាពការងារដែលសម្រេចបានប្រចាំខែកញ្ញា និងប្រចាំនព្វមាស ឆ្នាំ២០២៦ ធៀបនឹងផែនការសមិទ្ធកម្មក្នុងឆ្នាំនេះ។
ឯកឧត្ដម ឆាយ ឫទ្ធិសែន បានរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ចយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

ទន្ទឹមនឹងការឯកភាពជាមួយរបាយការណ៍ និងទិសដៅការងារបន្ដដែលគ្រោងដាក់ចេញ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ឱ្យបន្ដអនុវត្តការងារប្រកបដោយបុរេសកម្ម និងការទទួលខុសត្រូវ ដើម្បីបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមចំណែកធ្វើឱ្យសម្រេចនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីឈានឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕
ដោយ ពេជ្រ សំអឿន(ប្រភព÷ក្រសួងអភិវឌ្ឍន៍ជនបទ)





