រដ្ឋបាលខេត្តព្រះសីហនុនាំយកអំណោយជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅស្រុកស្ទឹងហាវ
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- លោក យូសុះ សូឡៃម៉ាន អភិ បាលរងខេត្តព្រះសីហនុ នាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ប្រគល់ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងនាយិកាទីចាត់ការសាលាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយក្មួយយុវជនទាំងអស់ ត្រូវខិតខំព្យាយាមស្តានីតិសម្បទាអ្នកញឿនគ្រឿងញៀនឱ្យបានគ្រប់គ្នា ហើយមិនត្រូវមកកាន់ទីនេះជាលើក ទី២ ឬទី៣នោះទេ ព្រោះយើងជាយុវជនជាកម្លាំងស្នូលក្នុងការចូលកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ម្យ៉ាងទៀតត្រូវតែខិតខំរៀនយកជំនាញណាមួយឱ្យបានច្បាស់លាស់ ដើម្បីជាទុនមួយសម្រាប់យកទៅបង្កើនជីវភាពគ្រួសារ ។ ហើយការនាំយកអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់ការងាររបស់មជ្ឈមណ្ឌល ក្នុងការផ្តល់សេវាព្យាបាល ស្តារនីតិសម្បទា និងជួយឱ្យអ្នកដែលកំពុងទទួលការព្យា បាលមានលទ្ធភាពវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍ និងសង្គមជាតិ ប្រកបដោយភាពប្រសើរឡើង។


អំណោយដែលបាននាំយកមកប្រគល់ជូនមជ្ឈមណ្ឌលរួមមាន៖ អង្ករចំនួន១០តោន ត្រសក់ចាវចំនួន២០០គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១០០យួរ ទឹកត្រីចំនួន១០០យួរ មីចំនួន១០០កេស ទឹកបរិសុទ្ធចំនួន៣០០កេស និងថវិកាចំនួន១០,០០០,០០០រៀល។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានចូលរួមឧបត្ថម្ភសាច់ជ្រូកចំនួន៣ក្បាល ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់ ការងារថែទាំ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌល៕


ដោយ ងូ សុមុនី





