លោក វូស៊ីក លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសស៊ែប៊ី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីស៊ែប៊ី លោកអាឡិចសាន់ដឺ វូស៊ីក (Aleksandar Vucic បានចុះហត្ថលេខា និងដាក់លិខិតលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយបានចាកចេញពីតំណែងប្រធានាធិបតី។
លោក វូស៊ីក បានមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំកំពុងចុះហត្ថលេខាលើខ្លឹមសារដែលមានន័យដូចតទៅ៖ «យោងតាមមាត្រាទី១១៦ កថាខណ្ឌទី៥ នៃរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋស៊ែប៊ី ខ្ញុំសូមដាក់លិខិតលាលែងពីតំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋ»។ «ឯកសារនេះនឹងត្រូវបញ្ជូនទៅកាន់សភានៅថ្ងៃស្អែក អ្នកនឹងត្រូវទៅធ្វើពិធីផ្ទេរតំណែង»។
យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីប្រធានាធិបតីរបស់ប្រទេសស៊ែប៊ីអាណត្តិរបស់ប្រធានាធិបតីនឹងបញ្ចប់នៅពេលដែលរដ្ឋសភាទទួលបានលិខិតលាលែងពីតំណែងជាផ្លូវការ ដោយមិនចាំបាច់មានការអនុម័តឡើយ។បន្ទាប់មក ប្រធានរដ្ឋសភា លោកស្រី អាណា បឺណាប៊ីក (Ana Brnabic)នឹងទទួលភារកិច្ចជាប្រធានាធិបតីស្តីទីក្នុងរយៈពេលរហូតដល់ ៣ខែ ហើយត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងអំឡុងពេលនោះ។
លោក វីស៊ីក ក៏បាននិយាយផងដែរថា លោកនឹងចូលរួមក្នុងការបោះឆ្នោតសភាមុនអាណត្តិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៥ខែតុលា ក្នុងនាមជាពលរដ្ឋធម្មតា។
សភាស៊ែប៊ីត្រូវបានរំលាយកាលពីថ្ងៃទី៩ ខែកញ្ញា។ យោងតាមរដ្ឋធម្មនុញ្ញ សភាដែលត្រូវបានរំលាយមានអំណាចមានកម្រិត ខណៈដែលរដ្ឋាភិបាលនៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
នៅថ្ងៃទី៥ ខែកញ្ញា គណបក្សជឿនលឿនស៊ែប៊ី (SNS) បានតែងតាំងលោក វូស៊ីក ជាប្រធានបញ្ជីបេក្ខជនរបស់គណបក្ស និងជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតសភាមុនអាណត្តិដែលនឹងមកដល់។
បន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២៥ ខែតុលា ដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មីនឹងចាប់ផ្តើម។ ប្រធានាធិបតីស្តីទី បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយតំណាងនៃបញ្ជីបេក្ខជនដែលជាប់ឆ្នោត នឹងស្នើបេក្ខជននាយករដ្ឋមន្ត្រីទៅកាន់រដ្ឋសភា។ បន្ទាប់មក បេក្ខជននោះនឹងបង្ហាញកម្មវិធីរបស់រដ្ឋាភិបាល និងសមាសភាពគណៈរដ្ឋមន្ត្រី ដែលត្រូវតែទទួលបានការអនុម័តពីសំឡេងភាគច្រើននៃសមាជិកសភាទាំងអស់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





