ក្រុមនារីភ្នំពេញក្រោនគ្រងជើងឯក លីគនារីកម្ពុជា ២០២៦ ដែលជាការគ្រងជើងឯក ៤រដូវកាលជាប់ៗគ្នា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦--ក្រុមនារីភ្នំពេញក្រោនបានឈ្នះជើងឯកលីគនារីកម្ពុជា រដូវកាល ២០២៦នេះ ក្រោយពីបានយកឈ្នះក្រុមនារីវិសាខា ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយការដណ្តើមបានជើងឯកលើកនេះជាការគ្រងជើងឯក៤រដូវកាលជាប់ៗគ្នា។

ការឈ្នះជើងឯកលីគនារីកម្ពុជាម្តងទៀត នៅឆ្នាំ២០២៦នេះបានធ្វើឱ្យក្រុមការពារម្ចាស់តំណែងជើងឯក ភ្នំពេញសម្រេចបានការគ្រប់គ្រង៤រដូវកាលជាប់ៗគ្នាតែម្តង។ គួររម្លឹកថា កាលពីវគ្គសន្សំពិន្ទុវិលជុំចំនួន ២ជុំ ក្រុមនារី ភ្នំពេញក្រោនបង្ហាញភាពខ្លាំងបំផុត តាមរយៈ១៤ប្រកួត ឈ្នះ១៤ប្រកួត មិនដែលស្មើ និងមិនដែលចាញ់ មាន៤២ពិន្ទុពេញជាមួយនឹងការរកគ្រាប់បាន៨៨គ្រាប់ និងរហូតគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះ។ ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភ្នំពេញក្រោយឈ្នះព្រះខ័នរាជស្វាយរៀង ៣-២ និងចុងក្រោយវគ្គផ្តាច់ព្រ័ត្រឈ្នះវិសាខា ៣-០ តែម្តង។ ដូច្នេះសរុប១៦ប្រកួត ភ្នំពេញក្រោន ឈ្នះទាំងអស់។

ចំពោះការប្រកួតដណ្តើមលេខ៣ គឺក្រុមសៀមរាបដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផលទាត់បាល់១១ម៉ែត្រកាត់សេចក្តី ៦-៥ ក្រោយរក្សាលទ្ធផលស្មើគ្នាពេញម៉ោង ៣-៣៕
ដោយ ហេង ណាលីន (រូបភាព៖ CWL)





