ឯកឧត្តម អ៊ុក ឃ្នួច ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំមន្រ្តីបច្ចេកទេស គ.ជ.គ.ម. ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកឯកភ្នំ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អភិបាលរងក្រុង-ស្រុកនិងមន្រ្តីមូលដ្ឋាន។

ឯកឧត្តម អ៊ុក ឃ្នួច បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផលប៉ះពាល់ក្នុងភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដោយពិនិត្យការរៀបចំស្ពានឈើសម្រាប់ឆ្លងកាត់បណ្តោះអាសន្ន ដើម្បីសម្រួលការដំណើររបស់ប្រជាពលរដ្ឋ ពិសេសសម្រាប់សម្រួលដល់ស្រ្តីមានផ្ទៃពោះ អ្នកជំងឺទៅមណ្ឌលសុខភាព និងហាមឃាត់ការឆ្លងកាត់នូវមធ្យោបាយដំណើរផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់។ ឯកឧត្តម បានបន្តដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកពីភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ និងបានណែនាំឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់។

ក្នុងឱកាសចុះពិនិត្យស្ថានភាពនេះ ឯកឧត្តមបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រុមការងារគ្រប់គ្រងគ្រោះ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដោះស្រាយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ធ្វើការតាមដានជាប្រចាំ ប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ព្រមទាំងរាយការណ៍ផ្តល់ព័ត៌មានជូនខេត្ត និងគ.ជ.គ.ម. ដើម្បីបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល និងដកស្រង់បទពិសោធន៍ សម្រាប់លើកគម្រោងឆ្លើយតបការស្តារឡើងវិញ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩ ២៩១ខ្នងផ្ទះ ស្មើនឹង ២១ ៨០៧គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹងមនុស្សរាយ ២ ៧៦៧នាក់។ ទឹកជំនន់នេះ ប៉ះពាល់ហេដ្ឋានរចនាស័ម្ពន្ធទាំង ១៤ក្រុង ស្រុក សរុបចំនួន ៧៨០កន្លែង និងមានដំណាំស្រូវរងផលប៉ះពាល់សរុប ៣៥ ៦១២ហិកតា៕

ដោយ ណយ នឿន (ប្រភព៖ គណៈកម្មាធិការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





