ឧត្តមសេនីយ៍ទោ ហេង សុផល បាននាំយកអាវពោងនិងសម្ភារៈមួយចំនួនឧបត្ថម្ភដល់កម្លាំងនគរបាលស្រុកស្ទោង សម្រាប់កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ -- លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបាននាំយកអាវពោង និងសម្ភារៈមួយចំនួនឧបត្ថម្ភដល់កងកម្លាំងនគរបាលស្រុកស្ទោង សម្រាប់កិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកព្រះរាជាណាចក្រកម្ពុជាបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដោយបង្កឱ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យតំបន់មួយចំនួនរងការកើនឡើងនៃជំនន់ទឹកភ្លៀង និងរង់ផលប៉ះពាល់ដល់អគាររដ្ឋបាលទីកន្លែងសម្រាប់មន្ត្រីបំពេញភារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះតំបន់មួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំក៏បានរងផលប៉ះពាល់ផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់លោកអធិការនគរបាលស្រុកស្ទោង និងកងកម្លាំងពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់ ដោយត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធប្រឡាយដើម្បីរំដោះទឹក ព្រមទាំងស្វែងរកនិងរៀបចំទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងករណីមានការជម្លៀសជាបន្ទាន់។
ជាមួយគ្នានេះដែរ កងកម្លាំងត្រូវចុះផ្សព្វផ្សាយ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ទន្លេ ស្ទឹង បឹងបួរ ព្រែក និងអូរ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ ព្រមទាំងប្រយ័ត្នចំពោះសត្វអសិរពិសដែលអាចបង្កគ្រោះថ្នាក់ក្នុងពេលមានទឹកជំនន់។

លោកឧត្តមសេនីយ៍ទោស្នងការក៏បានណែនាំឱ្យចុះត្រួតពិនិត្យទីតាំងអាជីវកម្មចម្លង និងធ្វើការអប់រំណែនាំដល់ម្ចាស់អាជីវកម្មឱ្យគោរពវិធានសុវត្ថិភាព ដោយចៀសវាងការផ្ទុកមនុស្ស សត្វ និងទ្រព្យសម្បត្តិលើសទម្ងន់ ដែលអាចបង្កហានិភ័យដល់អាយុជីវិត និងបានជំរុញដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប សម្រាប់ធ្វើអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំឱ្យកងកម្លាំងបន្តតាមដានស្ថានភាពទឹកនៅតាមស្ទឹង បឹង និងទន្លេជាប្រចាំ ដើម្បីមានព័ត៌មានទាន់ពេលវេលា និងអាចចាត់វិធានការជួយសង្គ្រោះ ឬជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលាក្នុងករណីស្ថានភាពទឹកមានការកើនឡើង៕
ដោយ៖ ស៊ុម វណ្ណា





