លោកស្រី Wang Yihan នៃទីភ្នាក់ងារ សារព័ត៌មាន Xinhua បង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយបច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ AI ធំៗ
AKP រដ្ឋធានីប៉េកាំង, ប្រទេសចិន ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ -- ក្នុងការធ្វើបទបង្ហាញដ៏មានសារៈសំខាន់ជូនដល់ប្រតិភូព័ត៌មានអាស៊ាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង លោកស្រី Wang Yihan មកពីទីភ្នាក់ងារសារព័ត៌មាន Xinhua ក្រោមប្រធានបទ «ការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយថ្មី» បានគូសបញ្ជាក់មិនត្រឹមតែពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកយកនូវ បញ្ហាប្រឈមពិតប្រាកដ និង ដំណោះស្រាយបច្ចេកទេស សម្រាប់អ្នកអាជីពក្នុងវិស័យផលិតមាតិកាផងដែរ។

ទោះបីជាបច្ចេកវិទ្យាបង្កើតមាតិកាដោយបញ្ញាសិប្បនិម្មិត (AI) ដូចជា Midjourney, ChatGPT និង Stable Diffusion បានរីកចម្រើនយ៉ាងលឿនចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ នេះក្តី លោកស្រី Wang Yihan បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗចំនួន ៤ ដែលអ្នកប្រើប្រាស់ធ្លាប់ជួបប្រទះ៖
១. បញ្ហាការផ្អាកគណនី៖ ការបិទ ឬផ្អាកគណនីប្រើប្រាស់ដោយមិនដឹងខ្លួន ដែលធ្វើឱ្យរអាក់រអួលដល់កិច្ចការផលិតមាតិកា។
២. ភាពពិបាកក្នុងការរក្សារូបរាងតួអង្គឱ្យបានដូចដើម៖ ការខិតខំកែសម្រួលដើម្បីបញ្ជា AI ឱ្យបង្កើតតួអង្គដដែល ក្នុងឈុតឆាក ឬសាច់រឿងផ្សេងគ្នាឱ្យមានមុខមាត់ និងទម្រង់ប្រហាក់ប្រហែលគ្នា។
៣. កម្រិតភាពលម្អិតនៅខ្វះខាត៖ ភាពលម្អិតនៃរូបភាព ឬវីដេអូបច្ចេកវិទ្យាខ្លះ នៅមិនទាន់បានល្អឥតខ្ចោះ និងត្រឹមត្រូវរលូនទាំងស្រុងនោះទេ។
៤. ការកំណត់ដែនកំណត់នៃការច្នៃប្រឌិត៖ ការជាប់គាំង ឬរបងការពាររបស់ប្រព័ន្ធ ដែលធ្វើឱ្យសេរីភាពក្នុងការច្នៃប្រឌិតតាមការចង់បានមានភាពរឹតត្បិត។

ជាមួយគ្នានេះ ដើម្បីជម្នះទៅលើឧបសគ្គ និងបញ្ហាប្រឈមទាំងនេះ លោកស្រីក៏បានបង្ហាញនូវ ដំណោះស្រាយ និងបច្ចេកទេសជាក់ស្តែង យ៉ាងសំបូរបែបសម្រាប់យកទៅអនុវត្ត៖ ការប្រើប្រាស់រូបមន្តសរសេរពាក្យបញ្ជាស្តង់ដារ (Prompt Formula)៖ ត្រូវប្រើប្រាស់ទម្រង់រួមមាន ប្រធានបទ (Subject) + រចនាប័ទ្ម (Style) + គុណភាព (Quality) + មុំកាមេរ៉ា (Shot) + ប៉ារ៉ាម៉ែត្រ (Parameters) ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវតាមតម្រូវការ។ ទន្ទឹមនេះ ការប្រើប្រាស់កូដបញ្ជាសម្រាប់គ្រប់គ្រងកម្រិតភាពស្រដៀងគ្នារវាងរូបភាពថ្មី និងរូបភាពដើម។ ចំពោះការប្រើប្រាស់មុខងារជំនួយផ្សេងៗ ដូចជា មុខងារបម្លែងរូបភាពទៅជាអត្ថបទបញ្ជា (/describe)មុខងារលាយបញ្ចូលគ្នារវាងរូបភាពជាច្រើន និងការកំណត់ដោយតំណភ្ជាប់ (URL) របស់រូបភាពស្ទីលដើម ដើម្បីយកម៉ូដ រចនាប័ទ្ម ឬពណ៌ពីស្ទីលនោះមកអនុវត្តលើរូបភាពថ្មីដែលយើងចង់បង្កើត ធ្វើឱ្យរូបភាពទាំងនោះមានទម្រង់ទូទៅស៊ីសង្វាក់គ្នា ឬដូចគ្នា និង ការស្គាល់ពីឧបករណ៍ទំនើបៗថ្មីៗ ដូចជាឧបករណ៍ Whisk របស់ Google Labs និង Kling AI។

តាមរយៈបទបង្ហាញនេះឃើញថា ការយល់ដឹងច្បាស់ពីបញ្ហាប្រឈម ព្រមទាំងការចេះបត់បែនប្រើប្រាស់បច្ចេកទេស និងឧបករណ៍ AI ទាំងនេះ គឺជាកត្តាមិនអាចខ្វះបានសម្រាប់អ្នកសារព័ត៌មានអាស៊ាន ក្នុងការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន៕
ដោយ៖ ទូច វលក័្ខណ





