មន្ត្រីជលផលនិងកម្លាំងសមត្ថកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកស្ទោងនិងស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ -- ដោយមានការយកចិត្តទុកដាក់ពីលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបានចាត់ឱ្យលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាងដឹកនាំមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា ចូលរួមជាមួយលោក វីរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាងចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិពាមបាង ដល់បាក់ដាវ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៦។

ជាលទ្ធផលអនុវត្តបានចំនួន១ករណី ដោយបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន÷ របាំងសាច់អួនក្រឡាញឹក ចំនួន៥របាំង ប្រវែង១៣៥០ម៉ែត្រ ឡុកសាច់អួន ចំនួន១០គ្រឿង លូឬលប ចំនួន១៣មាត់ បង្គោលឈើចំនួន ៨០០ដើម និងបានចាក់លែងត្រីទម្ងន់ជាង១០គីឡូក្រាម ចូលក្នុងប្រភពទឹកធម្ម ជាតិវិញ។

នៅថ្ងៃជាមួយគ្នានេះដែរ លោកស្រី ប៉ែន ណារ៉េន នាយរងសង្កាត់រដ្ឋបាលជល ផលសណ្ដាន់ បានសហការជាមួយកម្លាំងស្នាក់ការក២ កំពង់ធំ កម្លាំងសឹករងស្រុកសណ្ដាន់ អាជ្ញាធរឃុំ និងសហគមន៍នេសាទឃុំក្លែង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិពាមក្លែង ឃុំក្លែង និងភូមិអណ្ដូងព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ អនុវត្តបានចំនួន ១ករណី ដោយបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងក្រឡាញឹក ចំនួន៥៦ផ្ទាំង ប្រវែង ១០១៧ម៉ែត្រ របាំងសាច់អួនចំនួន ២៦ផ្ទាំង ប្រវែង៦២៨ម៉ែត្រ ឡុកចំនួន៣៧គ្រឿង លប/លូចំនួន៣៧មាត់ លបព្រឺស១០០ ចំនួន១៤ខ្សែ ស្មើនឹង ៣៦៤ម៉ែត្រ បង្គោលចំនួន៨១១ដើម និងបានចាក់លែងកូនត្រីចម្រុះ ទម្ងន់២៧គី ឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។
សកម្មភាពចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលធ្វើឡើងក្នុងគោលបំណងការពារ និងអភិរក្សធនធាជលផលព្រមទាំងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលអាចប៉ះពាល់ដល់ធនធានជលផលនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់៕
ដោយ៖ ស៊ុម វណ្ណា





