វឌ្ឍនភាពការងារស្តារទំនប់អាងទឹកម្រះព្រៅ សម្រេចបានប្រមាណ ៨៥ភាគរយហើយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារទំនប់អាងទឹកម្រះព្រៅ ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

លោក ថាំង វីយុទ្ធដា ឱ្យដឹងថា គម្រោងស្តារទំនប់អាងទឹកម្រះព្រៅនេះសម្រេចបានប្រមាណ ៨៥ភាគរយ ហើយ ដោយទំហំការងាររួមមាន៖ ការស្តារទំនប់ប្រវែង ៩៣៥ ម៉ែត្រ និងការសាងសង់សំណង់សិល្បការ្យចំនួន ៣ កន្លែង ដើម្បីប្រមូលស្តុកទឹកភ្លៀង សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនមូលដ្ឋានកងយោធពលខេមរភូមិន្ទតេជោសែន ភ្នំធំម្រះព្រៅ។

ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ អាងទឹកនេះនឹងមានសមត្ថភាពស្រោចស្រពស្រូវវស្សាបានចំនួន ១៥០ ហិកតា ស្រូវប្រាំងចំនួន ១៥០ ហិកតា និងដំណាំរួមផ្សំចំនួន ៣០០ ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ២ ភូមិ (ស្មើនឹង ២៥៧ គ្រួសារ ឬ ១ ២៥៣ នាក់) ស្ថិតក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកប្រធានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ព្រមទាំងណែនាំដល់ក្រុមការងារឱ្យបន្តគ្រប់គ្រងគ្រឿងចក្រ និងអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាគុណភាពសំណង់រឹងមាំ យូរអង្វែង និងសម្រេចតាមផែនការកំណត់៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





