មង្គលបូរី ជំរុញប្រជាពលរដ្ឋតាមដងស្ទឹង ត្រៀមខ្លួនជាមុន ខណៈទឹកស្ទឹងកំពុងហក់ឡើង
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ -- រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងស្រុក ជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈជាមុន ដើម្បីទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីគ្រោះមហន្តរាយទឹកជំនន់ ខណៈភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នា និងកម្រិតទឹកស្ទឹងកំពុងហក់ឡើងខ្លាំង។

រដ្ឋបាលស្រុកមង្គលបូរី និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក បានបញ្ជាក់ថា ស្ថានភាពទឹកកំពុងកើនឡើង មិនត្រឹមតែបណ្តាលមកពីភ្លៀងធ្លាក់ក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្តោយដងស្ទឹងពីតំបន់ស្រុកបវេល ខេត្តបាត់ដំបង ខេត្តប៉ៃលិន ព្រមទាំងទឹកហូរមកពីស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ដែលធ្វើឱ្យស្ថានភាពទឹកស្ទឹងមង្គលបូរីមានការហក់ឡើងខ្លាំង។

ស្ថានភាពនេះអាចបង្កហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋ សត្វពាហនៈ ផ្ទះសម្បែង និងផលដំណាំ ប្រសិនបើទឹកបន្តកើនឡើងក្នុងកម្រិតខ្ពស់។ ដោយហេតុនេះ រដ្ឋបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋកុំរង់ចាំរហូតដល់ទឹកជំនន់មកដល់ ទើបចាប់ផ្តើមរៀបចំការការពារ ប៉ុន្តែត្រូវចាត់វិធានការត្រៀមបង្ការជាមុន ដើម្បីធានាសុវត្ថិភាពដល់សមាជិកគ្រួសារ និងទ្រព្យសម្បត្តិ។
ក្នុងចំណោមវិធានការសំខាន់ៗ រដ្ឋបាលស្រុកបានជំរុញឱ្យប្រជាពលរដ្ឋដែលមានផលដំណាំដល់ពេលប្រមូលផល ត្រូវពន្លឿនការច្រូតកាត់ និងប្រមូលទុកឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតដោយសារទឹកជំនន់។ ជាមួយគ្នានេះ ត្រូវត្រៀមស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារៈចាំបាច់មួយចំនួនទុកជាបម្រុង ក្នុងករណីមានការលំបាកក្នុងការធ្វើដំណើរ ឬត្រូវជម្លៀសចេញពីលំនៅឋានជាបណ្តោះអាសន្ន។
ជាពិសេស ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ការពារឯកសារសំខាន់ៗរបស់គ្រួសារ ដោយរៀបចំទុកដាក់នៅកន្លែងមានសុវត្ថិភាព និងមិនងាយរងការខូចខាតដោយទឹក រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិដីធ្លី និងឯកសារសំខាន់ៗផ្សេងទៀត។
រដ្ឋបាលស្រុកក៏បានណែនាំឱ្យគ្រួសារនីមួយៗត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ការជម្លៀសជាមុន ដើម្បីអាចផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ក្នុងករណីស្ថានភាពទឹកកាន់តែធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ត្រូវផ្តល់អាទិភាពជាពិសេសដល់ជនងាយរងគ្រោះ ដូចជា ចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ និងកុមារ។
រដ្ឋបាលស្រុកបានបញ្ជាក់ថា នៅពេលទឹកជំនន់កើតឡើង ប្រជាពលរដ្ឋត្រូវបិទប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះ ដើម្បីបង្ការគ្រោះថ្នាក់ដោយចរន្តអគ្គិសនី ព្រមទាំងត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងសត្វគ្រោះថ្នាក់ផ្សេងៗ ដែលអាចចូលមកក្នុងលំនៅឋាន ឬតំបន់ដែលមានទឹកជន់លិច។
សម្រាប់ករណីមានភាពបន្ទាន់ ឬចាំបាច់ រដ្ឋបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដែលនៅក្បែរលំនៅឋាន ឬទំនាក់ទំនងទៅលោកមេភូមិ លោកមេឃុំ ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក តាមរយៈលេខទូរស័ព្ទ ០១២ ៥៥ ៦០ ៦៤, ០៧៧ ២៣ ៤៨ ៤៨ និង ០៩២ ៩៦ ១៦ ៤៤។
រដ្ឋបាលស្រុកមង្គលបូរីបានសង្កត់ធ្ងន់ថា ការត្រៀមបង្ការជាមុន គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយហានិភ័យពីទឹកជំនន់។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ជាពិសេសអ្នករស់នៅតាមដងស្ទឹងមង្គលបូរី ត្រូវបន្តតាមដានស្ថានភាពទឹក និងសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ព្រមទាំងសហការអនុវត្តវិធានការសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន ខណៈស្ថានភាពទឹកកំពុងមានការកើនឡើង៕

ដោយ៖ ឈុន សារ៉ាត





