គម្រោង PCRL របស់អង្គការ FAO គាំទ្រសហគមន៍ បង្កើតផែនការបន្ស៊ាំនឹងអាកាសធាតុនៅតំបន់បឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ -- សិក្ខាសាលាផ្សព្វផ្សាយរយៈពេល ៣ ថ្ងៃស្តីពីលទ្ធផលនៃការវាយតម្លៃហានិភ័យ និងភាពងាយរងគ្រោះផ្អែកលើក្សេត្របរិស្ថាន ដើម្បីគាំទ្រដល់ការរៀបចំផែនការបន្ស៊ាំថ្នាក់មូលដ្ឋាន និងការផ្សព្វផ្សាយអំពីនីតិវិធីនៃកញ្ចប់វិនិយោគសហគមន៍ ដើម្បីភាពធន់នឹងអាកាសធាតុ ត្រូវបានរៀបចំឡើងសម្រាប់ខេត្ត បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ជាខេត្តនៅតំបន់បឹងទន្លេសាប ។

មន្រ្តីអង្គការ FAO នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ មន្ទីរពាក់ព័ន្ធ តំណាងសហគមន៍ និងមន្ត្រីកសិកម្មឃុំ មកពីខេត្តទាំងបី បានចូលរួមយ៉ាងសកម្ម និងផុសផុលក្នុងការពិភាក្សា ដោះស្រាយចម្ងល់ ផ្លាស់ប្តូរបទពិសោធន៍ និងកំណត់អាទិភាពសម្រាប់សកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

រាល់មតិយោបល់ និងធាតុចូលដ៏មានតម្លៃពីអ្នកចូលរួម នឹងក្លាយជាមូលដ្ឋានសម្រាប់ពង្រឹង ឱ្យកាន់តែសមស្របទៅនឹងស្ថានភាព និងជីវភាពជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងជួយរៀបចំ CRIPs ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកអាកាសធាតុ និងតម្រូវការអាទិភាពរបស់កសិករ និងសហគមន៍។

គម្រោង PCRL ជាការផ្តួចផ្តើមគំនិតរួមគ្នារយៈពេលប្រាំឆ្នាំដោយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO Cambodia) អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិបរិស្ថានសកល៕
ដោយ ណយ នឿន (ប្រភព៖FAO)





