ឯកឧត្តម សុខ លូ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកឯកភ្នំ និងកម្ពស់ទឹកស្ទឹងសង្កែ
AKP បាត់ដំបង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ និងជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំបន្ទាប់ពីកម្ពស់ទឹកហក់ឡើងខ្លាំង ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ពិសេសនៅផ្នែកខាងលើតំបន់នៃស្រុកសំឡូត ធ្វើឱ្យទឹកក្នុងអាងពហុបំណងបាត់ដំបង (សេកសក) លើសបរិមាណស្តុកដូច្នេះមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានបើកទ្វារបន្ធូរបរិមាណទឹកដែលពេញអាងរំដោះការជន់លិចនៅផ្នែកខាងលើធ្វើឱ្យកម្ពស់ទឹកស្ទឹងសង្កែហក់ឡើងខ្លាំងបណ្ដាលឱ្យលិចលង់នៅតំបន់មួយចំនួនតាមបណ្ដាក្រុងស្រុកជាប់ដងស្ទឹងសង្កែ និងលិចខ្លាំងជាងគេនៅស្រុកឯកភ្នំដែលជាស្រុកទំនាបជាប់បឹងទន្លេសាប។


ឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងត្រូវត្រៀមកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។ ឯកឧត្តម សុខ លូ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ដែលលិចទឹក ប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ និងកុមារតូចៗ៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





