មន្ត្រីក្រសួងព័ត៌មានកម្ពុជា១៤រូប ទើបបញ្ចប់វគ្គសិក្សានៅប្រទេសឥណ្ឌា សន្យាយកចំណេះជំនាញទៅបម្រើការងារឱ្យមានប្រសិទ្ធភាព
AKP ឥណ្ឌា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--មន្ត្រីរាជការមកពីក្រសួងព័ត៌មានកម្ពុជាចំនួន១៤ រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលឯកទេសស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី និងបច្ចេកវិទ្យាព័ត៌មាន» (New Age Media and Information Technology) ដោយជោគជ័យ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នាទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំយកចំណេះដឹង និងជំនាញថ្មីៗទៅអនុវត្ត និងបម្រើការងារនៅក្នុងស្ថាប័នរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កម្មវិធីបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌល C-DAC សហការជាមួយវិទ្យាស្ថានជំនាញច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills) ក្រោមឆ័ត្រនៃ «កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា» (ITEC)។ នៅក្នុងអំឡុងពេលនៃការសិក្សា សិក្ខាកាមទទួលបានការអនុវត្តផ្ទាល់លើជំនាញឌីជីថលទំនើបៗជាច្រើន រួមមាន៖ ការផលិតមាតិកាឌីជីថល ការបង្កើតវីដេអូខ្លីៗ និង Reels ដោយប្រើប្រាស់បច្ចេកវិទ្យា VFX និងកាត់តសំឡេង ការអភិវឌ្ឍ និងសារព័ត៌មាន ការបង្កើតគេហទំព័រ WordPress និងការធ្វើសារព័ត៌មានទិន្នន័យ (Data Journalism)។
ទន្ទឹមនេះ មន្ត្រីទាំង១៤រូបក៏បានសិក្សាអំពីច្បាប់បច្ចេកវិទ្យាព័ត៌មាន សិទ្ធិឯកជនភាព បទដ្ឋានក្រមសីលធម៌ និងការផ្ទៀងផ្ទាត់ការពិត (Fact-checking) និងទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈការចុះទស្សនកិច្ចសិក្សានៅតាមការិយាល័យនិពន្ធព័ត៌មានធំៗ ដើម្បីយល់ដឹងពីដំណើរការប្រតិបត្តិការនៃប្រព័ន្ធផ្សព្វផ្សាយទំនើប។



គួរបញ្ជាក់ផងដែរថា កម្មវិធី ITEC គឺជាគំនិតផ្តួចផ្តើមពង្រឹងសមត្ថភាព និងកសាងធនធានមនុស្សអន្តរជាតិដ៏សំខាន់របស់ក្រសួងការបរទេសឥណ្ឌា ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៤។ រហូតមកដល់ពេលនេះ កម្មវិធីនេះបានបណ្តុះបណ្តាលមន្ត្រីជាង ២២៥,០០០ នាក់ មកពីជាង ១៦០ ប្រទេសជុំវិញពិភពលោក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំមានមន្ត្រីប្រមាណ ៣០០ រូប ត្រូវបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលលើវិស័យផ្សេងៗក្រោមកម្មវិធី ITEC នេះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





