សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិ យោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa LIUFALANI ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំង នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់នូវែលសេឡង់ប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានរបស់លោកជំទាវនៅពេលនេះថា នឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណសម្ដេចតេជោដែលបានបានអនុញ្ញាតឱ្យលោកជំទាវចូលជូនសាតាំង និងសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ លោកជំទាវបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងនូវែលសេឡង់ដែលកំពុងតែឈានទៅមុខ។ លោកជំទាវបានឆ្លៀតកោតសរសើរចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា លោកជំទាវបានរំលេចថា កាលពី២០ឆ្នាំមុនលោកជំទាវបានអញ្ជើញមកទស្សនាប្រទេសកម្ពុជាជាមួយស្វាមី ហើយ២០ឆ្នាំក្រោយលោកជំទាវបានមកដល់ប្រទេសកម្ពុជាសារជាថ្មី ដែលលោកជំទាវបានបញ្ជាក់ថាលោកជំទាវមិនគួរឲ្យជឿថាកម្ពុជាអាចអភិវឌ្ឍលឿនរហ័សមកដល់បច្ចុប្បន្ននេះទាល់តែសោះ។ លោកជំទាវក័បានបង្ហាញនូវការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនរបស់កម្ពុជា។ លោកជំទាវក៏បានលើកឡើងថា កម្ពុជាគឺមានភាពធន់ខ្លាំងណាស់ដែលគួរឱ្យសរសើរចំពោះការរីកចម្រើនរបស់ប្រទេសមួយនេះ បន្ថែមពីលើនេះ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោកជំទាវបានលើកឡើងថា នូវែលសេឡង់តែងតែជួយដល់កម្ពុជានៅពេលកន្លងមក ជាពិសេសគឺការបោសសម្អាតមីន និងការផ្ដល់អាហាររូបករដល់និស្សិតកម្ពុជាទៅសិក្សានៅនូវែលសេឡង់ ដែលមកដល់ពេលនេះមាននិស្សិតកម្ពុជាប្រមាណ ១ ០០០នាក់ បានទៅសិក្សានៅក្នុងប្រទេសនូវែលសេឡង់។


ក្នុងឱកាសនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសគឺទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ ហើយសម្ដេចបានអរគុណចំពោះនូវែលសេឡង់ ដែលតែងតែចូលរួមចំណែកជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលកន្លងមក ជាពិសេសគឺការបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់កម្ពុជា ហើយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរគួរសិក្សាជាមួយគ្នា ទៅលើចំណុចណាដែលអាចមានសក្កានុពល នៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងនូវែលសេឡង់ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនោះសម្ដេចតេជោបានសង្កត់ធ្ងន់ទៅលើចំណុចទាក់ទងទៅនឹងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោប្រមុខរដ្ឋស្តីទីបានសម្ដែងនៅក្តីរីករាយនៅពេលដែលឃើញពាណិជ្ជកម្មរវាងកម្ពុជា និងនូវែលសេឡង់ កាន់តែកើនឡើង បើទោះបីជាមានចំនួនតិច ក៏ប៉ុន្តែមានការកើនឡើង ហើយសម្ដេចចង់ឃើញអ្នកវិនិយោគរបស់នូវែលសេឡង់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនផងដែរ៕
ដោយ៖ ជឹម ណារី





