អ៊ីរ៉ង់៖ សង្គ្រាមថ្មីដែលអាចនឹងកើតមានជាមួយសហរដ្ឋអាមេរិក នឹងរាលដាលទៅដល់មហាសមុទ្រឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមថ្មីដែលអាចនឹងកើតឡើងជាមួយសហរដ្ឋអាមេរិក អាចនឹងរាលដាលរហូតដល់មហាសមុទ្រឥណ្ឌាប្រសិនបើប្រទេសអ៊ីរ៉ង់រងការវាយប្រហារជាថ្មី។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Fars របស់ប្រទេសអ៊ីរ៉ង់ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ យ៉ាហ៍យ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) ដែលជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានរៀបចំផែនការសម្រាប់សេណារីយ៉ូផ្សេងៗគ្នា។
លោក សាហ្វាវី បាននិយាយថា៖ «យើងមិនដឹងថាមានអ្វីនៅក្នុងគំនិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ នោះទេ»។
លោកបានលើកឡើងថា កងកម្លាំងអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត ប្រសិនបើមានការវាយប្រហារបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល មកលើទីតាំងនានា ឬផលប្រយោជន៍ជាតិរបស់ប្រទេសនេះ។ លោកបានព្រមានថា ក្នុងករណីនេះ វិសាលភាពនៃជម្លោះនឹងកាន់តែទូលំទូលាយ។
លោកបាននិយាយថា៖ «នៅពេលដែលសង្គ្រាមបានរាលដាលពីតំបន់ឈូងសមុទ្រ និងច្រកសមុទ្រហ័រមូសទៅកាន់សមុទ្រក្រហមហើយនោះ វានឹងអាចទៅរួចដែលថា ក្នុងដំណាក់កាលបន្ទាប់នៃសង្គ្រាមអាចនឹងកើតឡើងជាមួយសហរដ្ឋអាមេរិក នៅជួរមុខនៃជម្លោះនេះអាចនឹងពង្រីកបន្ថែមទៀតទៅកាន់មហាសមុទ្រឥណ្ឌា ឬតំបន់ផ្សេងទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





