ប្រធានាធិបតីលីបង់ និងប្រធានផ្នែកសេដ្ឋកិច្ចរបស់ស៊ីរី ជួបពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីលីបង់ បានឱ្យដឹងថា លោក ចូសេប អាអូន (Joseph Aoun) ប្រធានាធិបតីលីបង់ បានជួបជាមួយលោក ម៉ូហាមមេដ នីដាល អាល់ សាអារ (Mohammad Nidal al-Shaar) ប្រធានផ្នែកសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោកអាល់ សាអារ បាននាំយកការសួរសុខទុក្ខពីលោក អាហ៍មេដ អាល់ សារ៉ាអា (Ahmad al-Sharaa) មេដឹកនាំបណ្តោះអាសន្នរបស់ស៊ីរី ជូនចំពោះលោកអាអូន ដោយលើកឡើងថា ទស្សនកិច្ចនេះគឺជាការបើក «ទំព័រថ្មី» មួយដែលផ្អែកលើសន្តិភាព មិត្តភាព ភាពស្មោះត្រង់ និងទំនាក់ទំនងប្រកបដោយតុល្យភាព។
លោកក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រុមប្រឹក្សាធុរកិច្ចលីបង់ និងស៊ីរី ដោយលោកបានបញ្ជាក់ថា វិស័យឯកជនជាពិសេសសហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍បានបន្តថា នៅក្នុងសុន្ទរកថារបស់លោក លោក អាអូន បានផ្ញើការសួរសុខទុក្ខត្រឡប់ទៅកាន់លោក អាល់ សារ៉ាអា វិញ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងដែលផ្អែកលើតុល្យភាពការគោរពគ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
លោកបានបន្ថែមថា ស្ថិរភាពរបស់លីបង់មានទំនាក់ទំនងជាមួយស្ថិរភាពរបស់ស៊ីរី ហើយផ្ទុយទៅវិញក៏ដូចគ្នាដែរ ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការគួរតែពង្រីកលើសពីបញ្ហាសន្តិសុខ និងយោធាទៅដល់វិស័យសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារព័ត៌មានជាតិ (NNA) របស់រដ្ឋបានរាយការណ៍ថា លោក អាមឺ ប៊ីសាត (Amer Bisat) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីបង់ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសលីបង់ និងស៊ីរីមានឱកាសកសាងទំនាក់ទំនងថ្មីមួយដែល «ច្បាស់លាស់ និងមានតុល្យភាពជាងមុន»។
យោងតាមទីភ្នាក់ងារ NNA បានឱ្យដឹងថា លោក ប៊ីសាត បានថ្លែងនៅក្នុងពិធីបើកវេទិកាវិនិយោគលីបង់-ស៊ីរី នៅទីក្រុងបៃរូតថា «ទំព័រថ្មីនៃទំនាក់ទំនងរវាងលីបង់ និងស៊ីរី ត្រូវការខ្លឹមសារជាក់ស្តែងដែលមានន័យថាត្រូវមានស្ថាប័នដំណើរការបានល្អ មានផលប្រយោជន៍ច្បាស់លាស់ និងមានលទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





