មន្ត្រីប៉ូលិសចិន និងស៊ែប៊ី ចាប់ផ្តើមការល្បាតរួមគ្នានៅទីក្រុងប៊ែលក្រេដ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ ប៉ូលិសចិន និងប៉ូលិសស៊ែប៊ី បានចាប់ផ្តើមកម្មវិធីល្បាតរួមគ្នារយៈពេលបីសប្តាហ៍នៅកណ្តាលទីក្រុងប៊ែលក្រេដ ដោយមានគោលបំណងជួយដល់ភ្ញៀវទេសចរនិងប្រជាជនចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។
មន្ត្រីប៉ូលិសចិនចំនួន ៨នាក់នឹងធ្វើការល្បាតរួមគ្នាជាមួយមន្ត្រីប៉ូលិសស៊ែប៊ីនៅក្នុងទីក្រុង ប៊ែលក្រេដ ទីក្រុងណូវី សេដ និងទីតាំងផ្សេងៗទៀត។
លោក ហ្សាង ហ្សេ (Zhang Zhe) អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំនៅប្រទេសស៊ែប៊ី និងលោក វ្លាឌីមៀ ស្តូចានូវ (Vladimir Stojanov) អនុប្រធាននាយកដ្ឋានប៉ូលិសឯកសណ្ឋាននៃអគ្គនាយកដ្ឋានប៉ូលិសស៊ែប៊ី បានចូលរួមក្នុងពិធីបើកដំណើរការកម្មវិធីនេះ។
នៅក្នុងពិធីនោះ លោក ហ្សាង បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិន និងស៊ែប៊ីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអាជ្ញាធរអនុវត្តច្បាប់នៃប្រទេសទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងសម្រេចបានលទ្ធផលជាផ្លែផ្កា។
លោកបានកត់សម្គាល់ថា ការល្បាតរួមគ្នានេះជាលើកទីបីហើយរវាងប្រទេសទាំងពីរ ដោយធ្វើឡើងមុនពេលឈានចូលដល់ពិធីបុណ្យសែនព្រះខែ (Mid-Autumn Festival) និងថ្ងៃឈប់សម្រាកទិវាបុណ្យជាតិរបស់ប្រទេសចិន។ កម្មវិធីនេះត្រូវបានរំពឹងថានឹងជួយបង្កើនសុវត្ថិភាព និងបទពិសោធន៍នៃការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ និងប្រជាជនចិននៅក្នុងប្រទេសស៊ែប៊ី ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរផងដែរ។
លោក ស្តូចានូវ បានសម្តែងក្តីសង្ឃឹមថា ការល្បាតរួមគ្នានេះនឹងជួយពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកប៉ូលិសឱ្យឈានដល់កម្រិតថ្មីមួយទៀត។
លោកបាននិយាយថា ការឃើញមន្ត្រីប៉ូលិសចិន និងស៊ែប៊ី ល្បាតរួមគ្នានឹងជួយឱ្យភ្ញៀវទេសចរចិនដែលមកកាន់ទីក្រុងប៊ែលក្រេដ មានអារម្មណ៍សុវត្ថិភាព និងមានអារម្មណ៍កក់ក្តៅដូចនៅផ្ទះរបស់ខ្លួនដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





