នាយករដ្ឋមន្ត្រីចិនជួបជាមួយប្រធានគណៈរដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃពុធ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានជួបជាមួយ លោក អាឌីលប៊ែក អាឡេសូវីក កាស៊ីម៉ាឡេវ (Adylbek Aleshovich Kasymaliev) ប្រធានគណៈរដ្ឋមន្ត្រីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលកំពុងអញ្ជើញមកចូលរួមពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកលលើកទី៥ នៅទីក្រុងហាងហ្ស៊ូ ដែលជារដ្ឋធានីនៃខេត្តហ្សេជាំង ភាគខាងកើតប្រទេសចិន។
ដោយកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសចិន និងកៀហ្ស៊ីស៊ីស្ថានមានការរីកចម្រើនជាលំដាប់ ហើយកិច្ចសហប្រតិបត្តិការបានឈានចូលដល់សម័យកាលមាសនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ លោក លី បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយកៀហ្ស៊ីស៊ីស្ថាន អនុវត្តន៍លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ជំរុញសមិទ្ធផលបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-កៀហ្ស៊ីស៊ីស្ថាន ដែលមានអនាគតរួមគ្នា និងផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក លី បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើង បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានគុណភាពខ្ពស់ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជំរុញពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ព្រមទាំងជំរុញការសាងសង់គម្រោងនានា រួមទាំងផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន និងការធ្វើទំនើបកម្មច្រកព្រំដែន។
លោក លី បានបន្ថែមថា ប្រទេសចិនក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថានលើវិស័យនានាដូចជា បញ្ញាសិប្បនិម្មិត (AI) សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍អប់រំ និងសុខាភិបាល ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃមតិសាធារណៈសម្រាប់មិត្តភាពទ្វេភាគី។
ដោយកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំធេងដែលសម្រេចបានដោយប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន លោក កាស៊ីម៉ាឡេវ បានមានប្រសាសន៍ថា ប្រទេសកៀហ្ស៊ីស៊ីស្ថានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ «ចិនតែមួយ» ហើយមានឆន្ទៈធ្វើការជាមួយប្រទេសចិនដើម្បីអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
លោក កាស៊ីម៉ាឡេវ បានមានប្រសាសន៍ថា ប្រទេសកៀហ្ស៊ីស៊ីស្ថានគាំទ្រគំនិតផ្តួចផ្តើមសកលសំខាន់ៗចំនួនបួន អង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក និងអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល(International Organization for Mediation) ហើយមានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិននៅលើវេទិកាពហុភាគី ដើម្បីរួមគ្នាជំរុញស្ថិរភាព និងវិបុលភាពពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





