បណ្ឌិត ធុំ សុធារ៉ា ចូលរួមកិច្ចប្រជុំស្តីពីមូលនិធិសម្រាប់ជំងឺរាតត្បាត នៅទីក្រុងរ៉ូម
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--
ពីការត្រៀមខ្លួនឆ្ពោះទៅរកការអនុវត្តជាក់ស្តែង គំនិតផ្តួចផ្តើម «សុខភាពតែមួយ» (One Health) ដើម្បីកម្ពុជាដែលមានការត្រៀមខ្លួនបានល្អប្រសើរ។ កម្ពុជាកំពុងប្រែក្លាយវិធីសាស្ត្រ «សុខភាពតែមួយ» (One Health) ទៅជាសកម្មភាពជាក់ស្តែង ដោយពង្រឹងប្រព័ន្ធធនធានមនុស្ស និងភាពជាដៃគូ ដែលចាំបាច់សម្រាប់ការបង្ការ ការរកឃើញ និងការឆ្លើយតបទៅនឹងហានិភ័យសុខភាព មុនពេលដែលបញ្ហាទាំងនោះវិវត្តទៅជាគ្រាអាសន្នដែលមានវិសាលភាពធំធេង។

នៅក្នុងកិច្ចប្រជុំស្តីពីមូលនិធិសម្រាប់ជំងឺរាតត្បាតរបស់អង្គការ FAO (FAO Pandemic Fund Meeting) នៅទីក្រុងរ៉ូម កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦ លោកបណ្ឌិត ធុំ សុធារ៉ា (Dr. Sothyra Tum) ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ (APRI) បានបង្ហាញពីសមិទ្ធផលសំខាន់ៗនៃគម្រោងត្រៀមបម្រុង និងឆ្លើយតបចំពោះជំងឺរាតត្បាតនៅកម្ពុជា (CamPPR) ដែលស្ថិតក្រោមការអនុវត្តរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) និងអង្គការ FAO ដោយបានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការការពង្រឹងប្រព័ន្ធសុខភាពសត្វ និងការត្រៀមខ្លួនឆ្លើយតបចំពោះជំងឺរាតត្បាតរបស់កម្ពុជា។

សមិទ្ធផលសំខាន់ៗរួមមាន ការពង្រឹងការត្រៀមបម្រុង និងប្រព័ន្ធជូនដំណឹងជាមុន តាមរយៈការកែលម្អការតាមដានត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ ការរៀបចំផែនការសម្រាប់ស្ថានភាពអាសន្ន និងសមត្ថភាពឆ្លើយតប។ សមិទ្ធផលទាំងនេះបង្ហាញថា គោលការណ៍ «សុខភាពតែមួយ» ផ្សារភ្ជាប់ប្រព័ន្ធថ្នាក់ជាតិទៅនឹងសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន ចាប់ពីការតាមដាន និងមន្ទីរពិសោធន៍ រហូតដល់បុគ្គលិកសុខភាពសត្វនៅជួរមុខ និងសហគមន៍។ តាមរយៈកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងរាជរដ្ឋាភិបាលកម្ពុជា អង្គការ FAO ដៃគូអភិវឌ្ឍន៍ ស្ថាប័នបច្ចេកទេស និងសហគមន៍ គម្រោង CamPPR កំពុងជួយកសាងសមត្ថភាពត្រៀមបម្រុង និងការឆ្លើយតបដ៏រឹងមាំ ដើម្បីសុខភាពល្អរបស់ប្រជាជន និងសត្វ ព្រមទាំងធ្វើឱ្យកម្ពុជាកាន់តែមានសុវត្ថិភាព និងភាពធន់៕

ដោយ ណយ នឿន (ប្រភព៖ FAO)





