រដ្ឋបាលខេត្តតាកែវរៀបចំប្រារព្ធខួបលើកទី៣៣ "ទិវាប្រកាសរដ្ឋធម្មនុញ្ញ" នៃព្រះរាជាណាចក្រកម្ពុជា
AKP តាកែវ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--
ដើម្បីអបអរសាទរខួបលើកទី៣៣ "ទិវាប្រកាសរដ្ឋធម្មនុញ្ញ" នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តតាកែវ បានប្រារព្ធរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ដើម្បីសម្តែងនូវការគោរព និងរំលឹកគុណចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិកម្ពុជា ជាគ្រឹះដ៏រឹងមាំក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមអធិបតីភាពរបស់ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយពិធីនេះរៀបចំឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃប្រវត្តិសាស្ត្រ និងភាពខានមិនបាននៃរដ្ឋធម្ម នុញ្ញ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ។ ឯកឧត្តមបានរំលឹកថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺជាផលផ្លែផ្កានៃសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានសភាធម្មនុញ្ញអនុម័តជាផ្លូវការ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយបន្ទាប់មកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ។

អត្ថន័យនៃច្បាប់កំពូលនេះ គឺជាការបូកបញ្ចូលគ្នាយ៉ាងផ្ចិតផ្ចង់រវាង "គុណតម្លៃប្រពៃណីខ្មែរ" (ជាតិ សាសនា ព្រះមហាក្សត្រ) និង "គុណតម្លៃទំនើប" (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ)។ ដោយបានទាញយកខ្លឹមសារទាំងស្រុងចេញពីឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ការរួមបញ្ចូលគ្នារវាងសសរស្ដម្ភទាំងពីរនេះបានបង្កើតជាកម្លាំងចលករយ៉ាងរឹងមាំ ក្នុងការសម្របសម្រួល និងដោះស្រាយរាល់វិបត្តិនយោបាយនិងបញ្ហាច្បាប់ ព្រមទាំងធានាបាននូវសុខដុមរមនាក្នុងសង្គមកម្ពុជា ទាំងមូល ដើរស្របទៅតាមការវិវត្តជាក់ស្តែងរបស់សង្គម។រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន១០លើក និងមានការបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួន១លើក ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជាតិ។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ដោយឆ្លងកាត់ដំណើរប្រវត្តិសាស្ត្រ៣៣ឆ្នាំមកនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើន។ ស្របតាមស្មារតីដើមនៃបុព្វកថារដ្ឋធម្មនុញ្ញ គឺការកសាងជាតិឡើងវិញ ឱ្យក្លាយជាដែនដីដែលមានសន្តិភាពពេញលេញបរិបូរណ៍ ក្រោមឆ័ត្ររួមនៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ផ្អែកលើគ្រឹះដ៏រឹងមាំដែលសម្រេចបានកន្លងមក រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តដើរតាមគន្លងរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងកម្លាំងសមគ្គីភាពជាតិ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ។ ដើម្បីជាសសរទ្រទ្រង់របបនយោបាយ និងញែកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍតាមរយៈកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់៕
ដោយ អ៊ុច សៀង





