សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយនិងស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត ព្រមទាំងសហការីដែលបានអញ្ជើញមកកាន់វិមានសាមគ្គីភាព ដោយសម្ដេចពិតជារីករាយក្នុងការពិភាក្សាការងារជាមួយនឹងឯកឧត្តមនៅពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម ព្រមទាំងសហការីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដែលសហភាពអឺរ៉ុប បានចូលរួមចំណែកជួយដល់កម្ពុជា ដូចជា ការដោះមីនជាដើម។
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានអរគុណសហភាពអឺរ៉ុប ដែលតែងតែជួយដល់កម្ពុជា ជាបន្តបន្ទាប់ ដូចជាការដោះមីននៅក្នុងប្រទេសកម្ពុជា ជាដើមនោះ។ ទន្ទឹមនេះ សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានជជែកផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់ ក៏ដូចជាបញ្ហាពិភពលោកមួយចំនួនផងដែរ៕


ដោយ៖ ជឹម ណារី





