រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះក នៅសាលប្រជុំ «វ៉ី សំណាង» ជាន់ទី២ នៃអគាររដ្ឋបាលខេត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់ការអនុម័ត និងប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញពេញបរិបូរណ៍ នៅក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ស្ថាប័នជាតិធានាបានការប្រព្រឹត្តទៅដោយទៀងទាត់នៃអំណាចសាធារណៈ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សប្រែមុខមាត់ថ្មីប្រកបដោយកិត្តិយស ស្មើភាពស្មើសិទ្ធិលើឆាកអន្តរជាតិ ដោយមានថ្នាក់ដឹកនាំកំពូល នៃស្ថាប័នជាតិ ជាស្នូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិតបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាស្នូល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានការប្តេជ្ញាខ្ពស់ បន្តអនុវត្តតាមរដ្ឋធម្មនុញ្ញដែលមានស្មារតីសម្របសម្រួលរួមគ្នានៃគុណតម្លៃទំនើបនិងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាព នៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





