ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa
AKPភ្នំពេញថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦– ធនាគារជាតិនៃកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa ដើម្បីផ្លាស់ប្តូរទស្សនាទានអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមក ការស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហការ ការពង្រឹងសុវត្ថិភាពនៃការទូទាត់ឌីជីថល។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa ដឹកនាំដោយលោកស្រី Ana Vasconcellos អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។

កិច្ចពិភាក្សា បានផ្លាស់ប្តូរទស្សនាទានអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមក ការស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហការ ការពង្រឹងសុវត្ថិភាពនៃការទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូចនិងមធ្យម។
ពាក់ព័ន្ធនឹងសុវត្ថិភាពប្រតិបត្តិការ លោកស្រី Ana បានលើកឡើងពីសមត្ថភាពនិងដំណោះស្រាយបច្ចេកវិទ្យាក្នុងការរកឃើញប្រតិបត្តិការសង្ស័យ និងហានិភ័យនៃការក្លែងបន្លំ ដែលអាចគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តលើការទូទាត់ឌីជីថល។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល ក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការពង្រីកការតភ្ជាប់ឆ្លងដែន និងបានមានប្រសាសន៍ពីគម្រោងរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិ Black Swan Summit នៅខែវិច្ឆិកាខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន។
លោកជំទាវបញ្ជាក់ថា កិច្ចប្រជុំនេះនឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្ហាញនវានុវត្តន៍ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជាព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិបានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជាផងដែរ៕
ដោយ៖ ចរិយា ប្រភព៖ NBC





