អភិបាលរងខេត្តសៀមរាប៖ សុវត្ថិភាពអ្នកជំងឺជាគ្រឹះនៃគុណភាពសេវាសុខាភិបាល និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ
AKP សៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- លោក ព្រឹម រដ្ឋា អភិបាលរងខេត្តសៀមរាប បានថ្លែងក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ដែលរៀបចំដោយមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា សុវត្ថិភាពអ្នកជំងឺ ជាសសរស្ដម្ភដ៏សំខាន់ក្នុងការកសាងគុណភាពសេវាសុខាភិបាល និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។

លោក ព្រឹម រដ្ឋា បានបញ្ជាក់ថា សុវត្ថិភាពអ្នកជំងឺមិនមែនជាបញ្ហាបច្ចេកទេសវេជ្ជសាស្ត្រតែមួយមុខនោះទេ ប៉ុន្តែជាកត្តាស្នូលសម្រាប់វាស់ស្ទង់គុណភាពសេវាសុខាភិបាល និងកសាងទំនុកចិត្តពីសាធារណជន។ លោកបានគូសបញ្ជាក់ថា «គ្មានគុណភាពណា ដែលបានមកពីសេវាដែលគ្មានសុវត្ថិភាពនោះឡើយ» ខណៈសុខភាពប្រជាជន គឺជាបេះដូងនៃអភិបាលកិច្ច ដែលទាមទារឱ្យគ្រប់ភាគីរួមគ្នា កសាងប្រព័ន្ធថែទាំសុខភាពប្រកបដោយសុវត្ថិភាពពេញមួយជីវិត។ លោកបានបន្តថា ប្រធានបទទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» និងពាក្យស្លោក «ការថែទាំប្រកបដោយសុវត្ថិភាពពេញមួយជីវិត» ពិតជាឆ្លើយតបទៅនឹងស្ថានភាពសុខភាពសង្គមបច្ចុប្បន្ន ខណៈជំងឺមិនឆ្លងដូចជា ជំងឺបេះដូង លើសសម្ពាធឈាម ទឹកនោមផ្អែម និងមហារីកជាដើម ទាមទារការព្យាបាល និងតាមដានជាបន្តបន្ទាប់រយៈពេលវែង។

លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា អ្នកជំងឺដែលកំពុងប្រឈមនឹងជំងឺរ៉ាំរ៉ៃទាំងនេះត្រូវទទួលបានការថែទាំប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយហានិភ័យ និងបង្ការករណីគ្រោះថ្នាក់ដែលអាចជៀសវាងបាន។ លោកបានឱ្យដឹងទៀតថា រដ្ឋបាលខេត្តនឹងបន្តជំរុញការអប់រំ និងផ្សព្វផ្សាយការយល់ដឹងដល់សាធារណជន ដើម្បីឱ្យអ្នកជំងឺ និងក្រុមគ្រួសារ យល់ដឹងពីសិទ្ធិ និងតួនាទីរបស់ខ្លួន ក្នុងការចូលរួមជាដៃគូជាមួយក្រុមគ្រូពេទ្យ ដើម្បីធានាសុវត្ថិភាពនៃការថែទាំសុខភាព។ ជាពិសេស ការបំភ្លឺពន្លឺពណ៌ទឹកក្រូចលើអគារមន្ទីរពេទ្យ ត្រូវបានចាត់ទុកជានិមិត្តរូបនៃការប្ដេជ្ញាចិត្តរួមរវាងរដ្ឋបាលខេត្ត មន្ទីរពេទ្យ និងដៃគូអន្តរជាតិ JCI ក្នុងការផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាព និងជីវិតរបស់ប្រជាពលរដ្ឋ។

លោកស្រីឱសថការី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានមានប្រសាសន៍ថា ការថែទាំជំងឺមិនឆ្លង តម្រូវឱ្យមានការព្យាបាល និងតាមដានរយៈពេលវែង ដែលទាមទារកម្រិតសុវត្ថិភាពខ្ពស់។ លោកស្រីបានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែងតែចាត់ទុក «សុវត្ថិភាពអ្នកជំងឺ» ជាគ្រឹះចម្បង និងជាការប្ដេជ្ញាចិត្តដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព។

លោកស្រីបន្ថែមថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសកលអំពីសុវត្ថិភាពអ្នកជំងឺ ពង្រឹងកិច្ចសហការរវាងក្រុមគ្រូពេទ្យ អ្នកជំងឺ និងគ្រួសារ ព្រមទាំងបង្ការហានិភ័យ និងគ្រោះថ្នាក់ដែលអាចការពារបាន ដើម្បីធានាថាការថែទាំសុខភាពកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ៕
ដោយ ឃុត សៅ





