អភិបាលរងខេត្តបន្ទាយមានជ័យជំរុញគ្រប់ភាគីបន្តរួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីខេត្ត
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានជំរុញដល់គ្រប់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីទឹកដីខេត្តបន្ទាយមានជ័យ និងរួមចំណែកថែរក្សាសុខមាលភាពប្រជាពលរដ្ឋ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសដែលលោកស្រី មុំ ពុទ្ធីតា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងពិភាក្សា និងកំណត់ទិសដៅការងារបន្តឱ្យស្របតាមគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់។
ក្នុងកិច្ចប្រជុំនោះ លោកស្រី មុំ ពុទ្ធីតា បានលើកឡើងថា ការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់មិនអាចសម្រេចបានដោយវិស័យសុខាភិបាលតែមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់វិស័យ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកស្រីអភិបាលរងខេត្តបានជំរុញឱ្យគ្រប់ភាគីបន្តយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងស្វែងរកករណីជំងឺគ្រុនចាញ់ឱ្យបានទាន់ពេលវេលា ព្រមទាំងបន្តផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីវិធីការពារខ្លួនពីជំងឺនេះ និងចូលរួមសហការជាមួយមន្ត្រីសុខាភិបាល នៅពេលមានរោគសញ្ញាសង្ស័យ។
លោកស្រីបានបន្តថា ការងារលុបបំបាត់ជំងឺគ្រុនចាញ់ត្រូវការការតាមដានជាប្រចាំ ការឆ្លើយតបរហ័ស និងការសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាមួយមន្ត្រីជំនាញ ដើម្បីធានាថា រាល់ករណីសង្ស័យ ឬករណីឆ្លងត្រូវបានរកឃើញ និងចាត់វិធានការបានទាន់ពេលវេលា ជាពិសេសនៅតំបន់ដែលមានហានិភ័យ។ ជាមួយគ្នានេះ លោកស្រី មុំ ពុទ្ធីតា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តកៀរគរកម្លាំងចូលរួមពីគ្រប់ភាគី ដើម្បីធានានិរន្តរភាពនៃសកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់។ ការចូលរួមយ៉ាងសកម្មពីសហគមន៍ និងការអនុវត្តវិធានការបង្ការជាប្រចាំ នឹងជួយកាត់បន្ថយហានិភ័យនៃការឆ្លង និងជំរុញការឈានទៅសម្រេចគោលដៅលុបបំបាត់ជំងឺនេះពីខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំក៏បានផ្តោតលើការពិនិត្យលទ្ធផលការងាររបស់ក្រុមការងារពិសេសថ្នាក់ខេត្ត ក្នុងរយៈពេលកន្លងមក ការពិនិត្យបញ្ហាប្រឈម និងចំណុចដែលត្រូវបន្តពង្រឹង ព្រមទាំងកំណត់ទិសដៅសម្រាប់ការអនុវត្តការងារនៅត្រីមាសបន្ទាប់ ដើម្បីឱ្យសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ប្រព្រឹត្តទៅដោយមានការសម្របសម្រួល និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺជាការងារដែលត្រូវការការប្តេជ្ញាចិត្ត និងការចូលរួមជាបន្តបន្ទាប់ពីគ្រប់ភាគី។ ដូច្នេះ ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរ មន្ត្រីសុខាភិបាល មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងក្លាយជាកត្តាសំខាន់ក្នុងការការពារសុខភាពសាធារណៈ និងឈានទៅសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារព្ធឡើងនៅសាល (ខ) សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនាញបច្ចេកទេសផងដែរ៕
ដោយ ឈុន សារ៉ាត





