អង្គការ CI និងក្រសួងបរិស្ថាន ចុះហត្ថលេខាលើអនុស្សរណៈគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦-- អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) និងក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេល ៥ ឆ្នាំ ២០២៦-២០៣១ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។


កិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំនេះនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន ការការពារ និងអភិរក្សធនធានធម្មជាតិ ការស្រាវជ្រាវ និងបច្ចេកវិទ្យា ការអភិវឌ្ឍសហគមន៍ ការកសាងសមត្ថភាព និងនិរន្តរភាពហិរញ្ញវត្ថុ។ អនុស្សរណៈនេះក៏មានគោលបំណងធ្វើឱ្យយុទ្ធសាស្ត្ររបស់អង្គការ CI ស្របគ្នាយ៉ាងពេញលេញជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» របស់ក្រសួងបរិស្ថានផង។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ។

អង្គការ CI និងក្រសួងបរិស្ថានមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាយូរមកហើយក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ កិច្ចសហការនេះបានបន្តអនុវត្តនៅតំបន់អាទិភាពនានា រួមមាន តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាងជាដើម៕
ដោយ ណយ នឿន (ប្រភព៖ CI)





