កូរ៉េខាងជើង៖ ខ្លួនបានសាកល្បងប្រព័ន្ធអាវុធថ្មីមួយកាលពីដើមសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារប្រទេសកូរ៉េខាងជើងបានរាយការណ៍អំពីការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ ដោយលើកឡើងថា មេដឹកនាំរបស់ខ្លួនគឺលោកគីម ជុងអ៊ុន (Kim Jong-un) បានចាត់ទុកការសាកល្បងប្រព័ន្ធអាវុធប្រយុទ្ធថ្មីនេះថាជាការបង្ហាញពីបច្ចេកវិទ្យាការពារជាតិដ៏ទំនើបបំផុត។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា ការិយាល័យទទួលបន្ទុកផ្នែកមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងបាន«សាកល្បងដោយជោគជ័យនូវអាវុធប្រភេទថ្មីមួយ» កាលពីថ្ងៃអាទិត្យដោយមានវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់លម្អិតថាប្រព័ន្ធអាវុធនោះជាអ្វីឡើយ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសាកល្បងនេះ «មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនៃប្រព័ន្ធអាវុធ»។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា លោក គីម បានលើកឡើងពីការសាកល្បងនេះថា «ពិតជាការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃបច្ចេកវិទ្យាការពារជាតិដ៏ទំនើបបំផុត និងជាវឌ្ឍនភាពដ៏ច្បាស់លាស់ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ»។
សេចក្តីប្រកាសនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីគណៈអគ្គសេនាធិការចម្រុះ (JCS) របស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើតចេញពីតំបន់ Wonsan។
ការបាញ់សាកល្បងទាំងនេះបានធ្វើឡើងមុនពេលកិច្ចពិភាក្សាទូទៅកម្រិតកំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលគ្រោងនឹងចាប់ផ្តើមកាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) និងមុនកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍។ សកម្មភាពទាំងនេះហាក់ដូចជាមានគោលបំណងបញ្ជូនសញ្ញាទៅកាន់រដ្ឋបាលរបស់លោក ត្រាំ ថា ខ្លួនមិនមានបំណងកាត់បន្ថយការកសាងកម្លាំងយោធារបស់ខ្លួននោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





