មេដឹកនាំក្រុមហ៊ូទីព្រមានតួកគី និងប៉ាគីស្ថាន កុំឱ្យចូលរួមជាមួយអារ៉ាប៊ីសាអូឌីតក្នុងជម្លោះនៅប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ -- លោក អាប់ឌុល ម៉ាលីក អាល់ ហ៊ូធី (Abdul-Malik al-Houthi) មេដឹកនាំក្រុមហ៊ូធីរបស់ប្រទេសយេម៉ែន បានព្រមានប្រទេសតួកគី និងប៉ាគីស្ថាន កុំឱ្យចូលរួមក្នុងជម្លោះដែលកំពុងកើនឡើងរវាងក្រុមរបស់លោក និងប្រទេសអារ៉ាប៊ីសាអូឌីត។
នៅក្នុងសុន្ទរកថាដែលផ្សាយតាមទូរទស្សន៍ al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធីលោក អាល់ ហ៊ូធី បានចោទប្រកាន់ប្រទេសអារ៉ាប៊ីសាអូឌីតថា កំពុងស្វែងរកការគាំទ្រផ្នែកយោធាពីប្រទេសតួកគី និងប៉ាគីស្ថាន ខណៈដែលជម្លោះកាន់តែធ្ងន់ធ្ងរឡើងទាំងនៅក្នុងប្រទេសយេម៉ែន និងនៅតាមបណ្តោយព្រំដែនរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងយេម៉ែន។
លោកបានជំរុញឱ្យប្រទេសទាំងពីរ កុំឱ្យ «ជាប់ពាក់ព័ន្ធ» ក្នុងជម្លោះនេះ ដើម្បីតែផលប្រយោជន៍នយោបាយ ឬសេដ្ឋកិច្ចជាមួយទីក្រុងរីយ៉ាដ។
លោក អាល់ ហ៊ូធី ក៏បានអះអាងផងដែរថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមនាំយកអ្នកប្រយុទ្ធពីប្រទេសស៊ីរីមកចូលរួមក្នុងជម្លោះនេះ ប៉ុន្តែមិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងនោះទេ។
ទាក់ទងនឹងលទ្ធភាពនៃការកាត់បន្ថយភាពតានតឹង មេដឹកនាំក្រុមហ៊ូធីរូបនេះបាននិយាយថា ក្រុមរបស់លោកមិនបានទាមទារ «លក្ខខណ្ឌដែលមិនអាចទៅរួច» នោះទេ ដោយលោកបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យបញ្ចប់ប្រតិបត្តិការយោធារបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងអ្វីដែលក្រុមហ៊ូធីចាត់ទុកថាជាការបិទខ្ទប់។
លោកបានអំពាវនាវឱ្យអ្នកគាំទ្ររបស់លោកបន្តការប្រមូលកម្លាំង និងបន្តពង្រឹងសមត្ថភាពយោធា និងសន្តិសុខរបស់ក្រុម ខណៈពេលដែលការប្រឈមមុខដាក់គ្នាមានភាពតានតឹងខ្លាំងឡើង។
ការព្រមាននេះបានកើតឡើងនៅពេលដែលជម្លោះរវាងក្រុមហ៊ូធី និងប្រទេសអារ៉ាប៊ីសាអូឌីត បានរាលដាលកាន់តែខ្លាំងឆ្លងកាត់ព្រំដែន ដោយការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន ត្រូវបានឆ្លើយតបវិញដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drone) របស់ក្រុមហ៊ូធីចូលទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីតយ៉ាងជ្រៅ។ លោក អាល់ ហ៊ូធី បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន៧៦០លើក ចាប់តាំងពីភាពតានតឹងចុងក្រោយបានចាប់ផ្តើម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





