ដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខតំបន់អាកទិក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ -- ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាកបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសដាណឺម៉ាក ទឹកដីស្វយ័តហ្គ្រីនឡែន (Greenland) និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅទីក្រុងញូវយ៉កនៅថ្ងៃអង្គារ ដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់អាកទិក និងមហាសមុទ្រអាត្លង់ទិកខាងជើង។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនេះបានឱ្យដឹងថា កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោកជេនស៍ ហ្វ្រេដឺរីក នេលសេន (Jens-Frederik Nielsen) នាយករដ្ឋមន្ត្រីដាណឺម៉ាក អ្នកស្រី មេតតេ ហ្វ្រេដឺរីសេន (Mette Frederiksen) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពិធីចុះហត្ថលេខានេះត្រូវបានរំពឹងថានឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅម៉ោង១០:៣០នាទីព្រឹក (ម៉ោងក្នុងតំបន់) អំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែមិនបានបង្ហាញពីលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀងនោះទេ។
លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថាភាគីទាំងបីបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយលើកឡើងថាវានឹងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ «ការគ្រប់គ្រងជាអចិន្ត្រៃយ៍» លើសន្តិសុខរបស់ហ្គ្រីនឡែន។
ជាការឆ្លើយតប អ្នកស្រី ហ្វ្រេដឺរីសេន បាននិយាយនៅថ្ងៃដដែលនោះថា កិច្ចព្រមព្រៀងនេះទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក ក៏ដូចជាសិទ្ធិរបស់ប្រជាជនហ្គ្រីនឡែនក្នុងការកំណត់ជោគវាសនាខ្លួនឯងផងដែរ។
យោងតាមកិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខារវាងដាណឺម៉ាក និងសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៥១ និងបានកែសម្រួលនៅឆ្នាំ២០០៤ កងទ័ពអាមេរិកមានការអនុញ្ញាតយ៉ាងទូលំទូលាយរួចទៅហើយក្នុងការរក្សាបុគ្គលិក និងមូលដ្ឋាននានានៅក្នុងទឹកដីហ្គ្រីនឡែន រួមទាំងមូលដ្ឋានអវកាស Pituffik ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





