ឯកឧត្ដម លី ធុជ៖ វេទិកាសាធារណៈបានបង្ហាញពីភាពស្និទ្ធស្នាល និងទំនាក់ទំនងស្អាតស្អំ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា ការបង្កើតឱ្យមានវេទិកាសាធារណៈនៅមូលដ្ឋានបែបនេះ គឺបានបង្ហាញពីភាពស្និទ្ធស្នាល និងទំនាក់ទំនងស្អាតស្អំ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមចូលរួម ជាអធិបតីក្នុងពិធីបើកវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានឃុំបាធាយ ស្រុក បាធាយ ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិ៤ គឺភូមិស្វាយពក ភូមិបាធាយ ភូមិស្រះព្រីង និងភូមិទួល នៃស្រុកបាធាយ ខេត្តកំពង់ចាម ជិត៣០០នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម លី ធុជ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានមានប្រសាសន៍លើកឡើងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការអភិវឌ្ឍជាតិ ការការពារជាតិ រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ការរក្សាលំនឹងស្ថិរភាព នយោបាយ, ការបណ្តុះបណ្តាលកសាងធនធានមនុស្ស ក៏ដូចជាការគិតគូរខ្ពស់លើ សេវាសុខ មាលភាពជូនប្រជាពលរដ្ឋឱ្យមានសុខភាពល្អប្រសើរតាមរយៈការផ្តល់ជូន បណ្ណប.ស.ស បណ្ណសមធម៌ និងបណ្ណក្រីក្រជាដើម ក្នុងន័យដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ។

ឯកឧត្តម លី ធុជ បានបន្តថា ការបង្កើតវេទិកាសាធារណៈនៅពេលនេះ គឺដើម្បីស្តាប់ពី ដំណើរការអភិវឌ្ឍក្នុងមូលដ្ឋាន ក៏ដូចជាការបង្កើនភាពស្និទ្ធស្នាលនិងទំនាក់ទំនងស្អាតស្អំ រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាពិសេសដើម្បីស្តាប់ពីការលើកឡើងពីសំណូមពរ និងសំណើ បញ្ហាក្តីកង្វល់ផ្សេងៗពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាធាយ ដើម្បីឱ្យប្រធាននៃអង្គ វេទិកាធ្វើការដោះស្រាយភ្លាមៗ។
សូមបញ្ជាក់ថា ក្នុងវេទិកាសាធារណៈនាពេលនេះបានរកឃើញនូវបញ្ហាជាអាទិភាព សំខាន់ៗសម្រាប់រដ្ឋបាលឃុំ និងក្រុមការងារយកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំ ជាពិសេសពង្រឹងការចូលរួមរបស់ ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល វិស័យឯកជន ក្នុងកិច្ចអភិវឌ្ឍន៍របស់ឃុំឱ្យ កាន់តែល្អប្រសើរឡើង។

ដំណើរការនៃវេទិកានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងការលើកឡើងនូវបញ្ហានិងការបញ្ចេញមតិ។ អង្គវេទិកាទទួលបាននូវសំណួរ និង សំណូមពរពីតំណាងប្រជាពលរដ្ឋជាច្រើន ដែលផ្តោតលើការសុំប្រេងចាក់ម៉ាស៊ីនបូមទឹក ជីកប្រឡាយទឹក ជួសជុល កសាងផ្លូវ សង់របង និងអគារសាលារៀន ស្នើសុំអន្តរាគមន៍បើក ផ្លូវសាធារណៈដែលបិទដោយបុគ្គលឯកជនឱ្យបានធ្វើចរាចរណ៍ឡើងវិញ រួមទាំងសម្លៀក បំពាក់សម្រាប់ប្រជាការពារភូមិជាដើម។ ដោយបញ្ហាដែលស្នើឡើងក៏ត្រូវអង្គវេទិកាបានឆ្លើយតប និងស្រាយបំភ្លឺភ្លាមៗ។

ដោយឡែកសំណួរ និងសំណូមពរ ដែលនៅសល់មិនទាន់បានឆ្លើយតបនាពេលនេះ នឹងយកទៅពិភាក្សាដោះស្រាយនៅពេលក្រោយតាមប្រភេទរដ្ឋបាល និងក្រុមការងារ តាមថ្នាក់នីមួយៗ ៕
ដោយ សួស សំរិត





