ធនាគារ ADB និង AFD គាំទ្រមូលនិធិ SDF បញ្ចប់គម្រោង «ជំនាញសម្រាប់ការប្រកួតប្រជែង»
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ SDF រួមជាមួយក្រុមការងារ បានជួបពិភាក្សាជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការបូកសរុប និងចែករំលែកសមិទ្ធផលគន្លឹះដែលសម្រេចបានក្រោមគម្រោង «ជំនាញសម្រាប់ការប្រកួតប្រជែង» Skills for Competitiveness Project (S4C) នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការ SDF ក្នុងរាជធានីភ្នំពេញ។

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តម គី សុខគីម បានរំលឹចអំពីភាពជោគជ័យនៃការអនុវត្តន៍គម្រោងរយៈពេល ៦ ឆ្នាំ ២០២០-២០២៦ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB និង AFD ដែលក្នុងនោះ SDF សម្រេចបាននូវរាល់សូចនាករដែលបានកំណត់ក្នុងក្របខ័ណ្ឌតាមដាន និងវាយតម្លៃលើសពីការរំពឹងទុក រួមមាន ការសម្រេចបាន ១០០ភាគរយ នៃផែនការ បានបញ្ចប់គម្រោងបណ្តុះបណ្តាលចំនួន ១០០ លើ ១០០ គម្រោង លើវិស័យអាទិភាព រួមមាន កម្មន្តសាល ទេសចរណ៍ និងឌីជីថលជាដើម។ បរិមាណសិក្ខាកាម និងសមភាពយេនឌ័រ បណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន ១៤ ២៩២ នាក់ មានស្ត្រី ៤៧ភាគរយ ដែលលើសពីគោលដៅកំណត់យ៉ាងខ្លាំង ។

អត្រាការងារ និងប្រាក់បៀវត្សរ៍កើនឡើង សិក្ខាកាមមានការងារធ្វើ ៨៨,៤ភាគរយ ក្នុងនោះ ៩៦,៩ភាគរយទទួលបានការងារក្នុងរយៈពេល ៣ ខែក្រោយបញ្ចប់ការបណ្តុះបណ្តាល ព្រមទាំងទទួលបានប្រាក់បៀវត្សរ៍កើនឡើងជាមធ្យម ៣៤ភាគរយ សម្រាប់ការបណ្តុះបណ្តាលមុនបម្រើការងារ។ ការពេញចិត្តរបស់និយោជក៖ និយោជកបង្ហាញការពេញចិត្ត ៨៩,២ភាគរយ និងការប្រែក្លាយជាស្ថាប័នអចិន្ត្រៃយ៍ សម្រេចបាននូវសូចនាករគន្លឹះក្នុងការប្រែក្លាយ SDF ពីគម្រោងសាកល្បង ទៅជាស្ថាប័នអចិន្ត្រៃយ៍ជាផ្លូវការ ដែលមានក្រុមប្រឹក្សាបរធនបាលដឹកនាំការគ្រប់គ្រង ដើម្បីធានាចីរភាពហិរញ្ញប្បទានជំនាញឆ្លើយតបនឹងទីផ្សារការងារ។

មុននឹងបញ្ចប់កិច្ចពិភាក្សា តំណាង AFD និង ADB បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ព្រមទាំងលើកទឹកចិត្តឱ្យ SDF បន្តចែករំលែកបទពិសោធល្អៗ ក្នុងកិច្ចការអភិវឌ្ឍជំនាញទៅកាន់ភាគីពាក់ព័ន្ធឱ្យកាន់តែទូលំទូលាយ៕
ដោយ ណយ នឿន (ប្រភព៖SDF)





