រដ្ឋបាលស្រុកតាំងគោក រៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥១៩០ក្បាលដី នៅឃុំច្រនាង
AKP កំពង់ធំ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--
ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥១៩០ក្បាលដី ដែលមាន ៧ភូមិ រួមមាន៖ ភូមិពោន ភូមិច្រនាង ភូមិត្រពាំងវែង ភូមិថ្លា ភូមិចាន់ ភូមិកន្ធំ និងភូមិអង្គនាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមវត្តមានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងលោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ទទួលបន្ទុកអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន៥៣២នាក់។

លោក យូ ចាន់ឌី បានធ្វើការបង្ហាញនិងពន្យល់ណែនាំយ៉ាងលម្អិតអំពីនីតិវិធីនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី។ ការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដីឬអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ឈ្មោះ ប្រពន្ធ/ប្តី ទំហំដី និងព្រំប្រទល់ដីរបស់ខ្លួនឱ្យបានច្បាស់លាស់។ ប្រសិនបើមានការខុសឆ្គង ឬមានទំនាស់ព្រំប្រទល់ណាមួយប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងតវ៉ា ឬស្នើសុំកែតម្រូវបានក្នុងអំឡុងពេលបិទផ្សាយនេះ ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការដោះស្រាយនិងកែសម្រួលឱ្យបានត្រឹមត្រូវ មុននឹងបញ្ជូនទិន្នន័យទៅថ្នាក់លើដើម្បីចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ជូនជាស្ថាពរ។

លោក ហាក់ ម៉ុងហួត បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធានាថាបងប្អូនទាំងអស់ទទួលបានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ស្របច្បាប់ និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីពេញសិទ្ធិគ្រប់ៗគ្នា។

លោកអភិបាលស្រុក បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារជំនាញចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី(អាជ្ញាធរភូមិ-ឃុំ)ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក៕
ដោយ ស៊ុម វណ្ណា





