ទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦---
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Hwang Kyungjoo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hansung TNI នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្រុមហ៊ុន Hansung TNI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ជាក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មឈានមុខគេរបស់កូរ៉េ ក្រុមហ៊ុនមានផលិត និងផ្គត់ផ្គង់គ្រឿងចក្រកសិកម្មតាំងពីដំណាក់កាលដាំដុះ រហូតដល់ប្រមូលផល ។ Hansung TNI ជាក្រុមហ៊ុនទី១ របស់កូរ៉េ ដែលបានបង្កើតម៉ាស៊ីនបាញ់ថ្នាំប្រភេទប្រើខ្យល់ ដែលបាញ់បានក្នុងល្បឿនលឿន និងបានចម្ងាយឆ្ងាយរហូតដល់ ១៥០ម៉ែត្រ។


លោក Hwang បានជម្រាបជូន ឯកឧ ត្តមឯកអគ្គរាជទូត ថា លោកបានដឹងថាប្រទេសកម្ពុជាជាប្រទេសកសិកម្ម ហើយលោកមានបំណងចង់ចូលរួមចំណែកជាមួ យរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវស័យកសិកម្មក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីតំបន់ដែលមានសក្តានុពលកសិកម្មរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះបំណងសហប្រតិបត្តិ និងអភិវឌ្ឍគម្រោងតំបន់កសិកម្មគំរូក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងថា វិស័យកសិកម្មជាវិស័យចម្បង ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។
ឯកឧត្តមក៏បានជូនយោបល់ទៅភាគីក្រុមហ៊ុនពិចារណាជ្រើសរើសឃុំ រឺស្រុកណាមួយក្នុងខេត្តបាត់ដំបង ដែលជាខេត្តកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា ហើយបានស្នើភាគីក្រុមហ៊ុនអញ្ជើញធ្វើទស្សនកិច្ចទៅកម្ពុជា ហើយស្ថានទូតត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕


ដោយ៖ ប៊ុនរិទ្ធ





